Real Madrid ត្រូវចំណាយយ៉ាងហោចណាស់ ១២០លានផោន ប្រសិនបើពួកគេចង់ចុះហត្ថលេខា Enzo Fernández របស់ Chelsea។ កីឡាករអន្តរជាតិអាហ្សង់ទីន ដែលចូលរួម ជាមួយតោខៀវពី Benfica នៅដើមឆ្នាំ2023 ក្នុងតម្លៃកំណត់ត្រារបស់អង់គ្លេសប្រមាណ 106.8 លានផោន គឺជាកីឡាករសំណព្វចិត្តរបស់ក្លឹប។
Chelsea បានឱ្យដឹងថា ពួកគេមិនមានចេតនាលក់ខ្សែបម្រើរូបនេះទេ លុះត្រាតែទទួលបានសំណើមួយដែលត្រូវនឹងតម្លៃដែលពួកគេបានដាក់។ Enzo គឺជាតួអង្គសំខាន់នៅក្នុងតំបន់ខ្សែបម្រើរបស់ Chelsea ដែលមានសមត្ថភាពខ្ពស់ចំពោះការបញ្ជូនបាល់ ការលេងដោយចិត្តស្ងប់ និងសមត្ថភាពក្នុងការគ្រប់គ្រងចង្វាក់នៃការប្រកួត។
Real Madrid មើលឃើញ Enzo ជាផ្នែកមួយនៃការកសាងតំបន់បម្រើរយៈពេលវែងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ជំហររឹងមាំរបស់ Chelsea និងកុងត្រារយៈពេលវែងរបស់ Enzo ដែលនៅមានសុពលភាព រហូតដល់ឆ្នាំ 2032 អាចនឹងធ្វើឱ្យលទ្ធភាពនៃការនាំយកខ្សែបម្រើរូបនេះ ទៅកាន់កីឡដ្ឋាន Santiago Bernabéu មានការលំបាកខ្លាំង។
សម្រាប់ពេលនេះ Madrid ប្រហែលជាត្រូវពិចារណាឡើងវិញនូវជម្រើសផ្សេង ឬត្រូវចិត្តធំហ៊ានចំណាយតម្លៃបំបែកកំណត់ត្រា ប្រសិនបើពួកគេចង់នាំយកខ្សែបម្រើដែលធ្លាប់ឈ្នះពានរង្វាន់ World Cup រូបនេះ ទៅកាន់អេស្ប៉ាញ៕