
លោក Enzo Maresca ត្រូវបានបណ្តេញចេញពីទីលាន អំឡុងការប្រកួត ដែល Chelsea យកឈ្នះលើក្រុមហង្សក្រហម Liverpool នៅចុងម៉ោង ដោយសារតែការអបអរហួសហេតុពេក។
ពេលនោះ គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះបានរត់ចេញក្រៅតំបន់គ្រូបង្វឹកទៅអបអរ ជាមួយកីឡាកររបស់ខ្លួននៅក្នុងកីឡដ្ឋាន Stamford Bridge មុនពេលត្រូវបានបណ្តេញចេញ។ គាត់ត្រូវបានចោទប្រកាន់ពីបទ “ប្រព្រឹត្តនៅក្នុងអាកប្បកិរិយាមិនសមរម្យ” ។
លោក Maresca បានទទួលយកការចោទប្រកាន់នេះ។ ដូច្នេះ គាត់នឹងខកខានការធ្វើដំណើររបស់ Chelsea ទៅកាន់ Nottingham Forest នៅថ្ងៃសៅរ៍នេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ FA “លោក Enzo Maresca ត្រូវបានពិន័យមួយប្រកួត និងពិន័យជាប្រាក់ 8,000ផោន ក្នុងអំឡុងពេលការប្រកួត Premier League រវាង Chelsea និង Liverpool កាលពីថ្ងៃសៅរ៍ទី4 ខែតុលា។
លោក Maresca បាននិយាយនៅសប្តាហ៍នេះថា “វាជាអារម្មណ៍ដ៏អស្ចារ្យ (លេងទល់នឹងក្រុមខ្លាំង Liverpool)។ នេះ ជារដូវកាលទីពីររបស់ខ្ញុំនៅ Chelsea ហើយវាជាលើកទីមួយដែលយើងឈ្នះនៅផ្ទះរបស់យើងនៅនាទីចុងម៉ោង។
ជ័យជម្នះនេះ បាននាំឱ្យ Chelsea ឡើងមកឈរនៅលេខរៀងទី៧ ក្នុងតារាង Premier League ក្រោយឈ្នះ៣ ស្មើ២ និងចាញ់២។
នៅចុងសប្តាហ៍នេះ Chelsea នឹងធ្វើដំណើរទៅកាន់ក្រុម Forest ដែលមិនទាន់ឈ្នះសោះក្នុងការប្រកួតចំនួន ៧ប្រកួតកន្លងមក ក្រោមការដឹកនាំរបស់លោក Ange Postecoglou៕