
ស្ងាត់ៗខ្សែប្រយុទ្ធអន្តរជាតិកាមេរ៉ូនវ័យ ២៥ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United គឺ Bryan Mbuemo ត្រូវបានគេចុះផ្សាយថាកំពុងបញ្ចុះបញ្ចូល Carlo Baleba របស់ Brighton ឲ្យផ្ទេរមកកាន់ Old Trafford អំឡុងពេលចូលរួមក្រុមជម្រើសជាតិជាមួយគ្នា ។
ប្រភពពី The Sun បានឲ្យដឹងថា Baleba វ័យ ២១ ឆ្នាំត្រូវបានគេចាត់ទុកប្រៀបដូចជាប្អូនប្រុសរបស់ Mbuemo នៅក្នុងក្រុមជម្រើសជាតិ ហើយអ្នកទាំងពីរតែងតែចំណាយពេលវេលាច្រើនជាមួយគ្នាផងដែរ ដែលថ្ងៃនេះស្រាប់តែមានដំណឹងមកថា Mbuemo បានរៀបរាប់បរិបទនៅ United ពីគោលបំណង និងគោលដៅរបស់ក្លិបដើម្បីទាក់ចិត្ត Baleba ឲ្យសម្រុកផ្ទេរមក Old Trafford នៅរដូវកាលក្រោយ ក៏ដូចជាដើម្បីបានលេងជុំគ្នាក្នុងឯកសណ្ឋានរបស់បិសាចក្រហមផងដែរ ។
គួររំលឹកថា Baleba ធ្លាប់បានយល់ព្រមលកខ្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមការងារលោក Sir Jim Ratcliffe រួចទៅហើយ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា Brighton ចង់បានដល់ទៅ ១១៥ លានផោនទើបអនុញ្ញាតិឲ្យខ្សែបម្រើការពារវ័យក្មេងរបស់ពួកគេចាកចេញពី American Express Stadium ៕