×

កំពូលកីឡាការិនីហែលទឹកអូស្រ្តាលី Titmus អះអាងថានាងសម្រេចចិត្តត្រូវ ក្រោយប្រកាសចូលនិវត្តន៍ដ៏តក់ស្លុត

កីឡាការិនីហែលទឹក Ariarne Titmus ម្ចាស់មេដាយមាសអូឡាំពិកបួនសម័យកាលរបស់អូស្ត្រាលីបាននិយាយនៅថ្ងៃសុក្រនេះថា នាងបានសម្រេចចិត្តត្រឹមត្រូវក្នុងការចូលនិវត្តន៍ពីអាជីពកីឡាហែលទឹកដែលកំពុងមានការប្រកួតប្រជែងខ្លាំង នៅវ័យនាងត្រឹម 25 ឆ្នាំ ហើយការចូលនិវត្តន៍របស់នាង ក៏ស្មើនឹងការបិទបញ្ចប់អរិភាពក្នុងនាមគូរប្រកួតសងសឹកជាមួយកីឡាការិនី Katie Ledecky សញ្ជាតិអាមេរិកដែលជាគូប្រកួតដ៏កក្រើកក្នុងវិស័យកីឡាហែលទឹក ។

Ariarne Titmus ដែលជាអត្តពលិកមេដាយ Olympic ៨ គ្រឿង និងជាម្ចាស់ជើងឯក ៤ សម័យកាល បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brisbane ថា នាងជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ចំពោះតែការប្រកួតហែលទឹក ប៉ុន្តែពេលនេះនាងមានក្តីសោមនស្សរីករាយសម្រាប់ការទម្លាក់វាចុះ ហើយសំរាក ។

ការសម្រេចចិត្តនេះធ្វើឱ្យប្រទេសជាតិរបស់នាងទាំងមូលមានការតក់ស្លុត ជាពិសេសក្នុងពិភពកីឡាហែលទឹក ព្រោះនាងគឺជាក្តីសង្ឃឹមសម្រាប់ប្រទេសអូស្ត្រាលីក្នុងការហែលប្រណាំងយកកិត្តិយសជូនជាតិក្នុងព្រឹត្តិការណ៍កីឡា Olympic ដែលនឹងប្រព្រឹត្តិទៅនៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក នាឆ្នាំ 2028 ខាងមុខ ។

កីឡាការិនី Titmus ធ្លាប់បានឈ្នះមេដាយមាសអូឡាំពិចទី 3 របស់នាងក្នុងវិញ្ញាសារហែល Freestyle ចម្ងាយ 400 ម៉ែត្រ ដែលគេបានឱ្យរហស្សនាមការប្រកួតនោះថា “ការប្រកួតហែលទឹកល្អផ្តាច់ប្រចាំសតវត្សន៍” នៅក្នុងកម្មវិធី Paris Games ជាពេលដែលនាងបានយកឈ្នះកីឡាការិនី Ledecky និងកីឡាការិនី Summer McIntosh របស់ប្រទេសកាណាដា និងបានការពារតំណែងជើងឯករបស់នាង។

បន្ទាប់ពីការប្រកួតនាទីក្រុងប៉ារីសនោះ នាងបានសម្រេចចិត្តឈប់សម្រាកពីការប្រកួតនិងការហ្វឹកហាត់មួយឆ្នាំ ដើម្បីប្រមូលថាមពលឡើងវិញ ដោយសុខចិត្តខកខានការប្រកួតជើងឯកពិភពលោកនៅប្រទេសសិង្ហបុរី និងមកធ្វើជាអ្នកអត្ថាធិប្បាយនៅប៉ុស្តិ៍ទូរទស្សន៍មួយជំនួសវិញ ។ ប៉ុន្តែពេលនេះ ការវិលត្រឡប់ទៅអាងហែលទឹកវិញទំនងនឹងមិនកើតឡើងឡើយ ដោយនាងបានអះអាងថា នាងធ្លាប់បានទទួលការវះកាត់សាច់ដុំមុនទៅប្រកួតនៅប៉ារីស ហើយបញ្ហាសុខភាពតែងឱ្យនាងរលឹកដល់ជីវិតក្រៅការហែលទឹក ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW442316102025RP1%3A3

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង