
អតីតគ្រូបង្វឹកក្លឹបហង្សក្រហម លោក Jürgen Klopp បានទទួលតួនាទីថ្មីមួយនៅក្នុងបាល់ទាត់អាល្លឺម៉ង់ ដោយចូលរួម ជាមួយ ក្រុមជំនាញបាល់ទាត់ (Expert Football Group) ដែលបង្កើតឡើងដោយ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFL) ដែលជាអ្នកគ្រប់គ្រងលីគបាល់ទាត់អាជីពរបស់ប្រទេសអាល្លឺម៉ង់។
ក្រុមជំនាញបាល់ទាត់ “Expert Football Group” ដែលទើបតែបង្កើតថ្មីនេះ មានភារកិច្ចផ្តល់យោបល់អំពីចំណុចសំខាន់ៗដូចជា ការអភិវឌ្ឍយុវជន ការបណ្តុះបណ្តាលគ្រូបង្វឹក រចនាសម្ព័ន្ធក្លឹប និងការរក្សាសមតុល្យប្រកួតប្រជែងនៅក្នុងបណ្តាលីគអាឡឺម៉ង់ គ្រប់កម្រិត ជាពិសេសលីគកំពូល Bundesliga និង លីគលំដាប់ទី២ Bundesliga 2 ។
លោក Klopp ដែលបានចាកចេញពី Liverpool ក្នុងឆ្នាំ 2024 បន្ទាប់ពីបម្រើការបាន ៩រដូវកាល នឹងធ្វើការ ជាមួយអ្នកជំនាញបាល់ទាត់ល្បីៗជាច្រើន រួមមាន លោក Rudi Völler លោកOliver Kahn និង លោក Matthias Sammer។ តួនាទីសំខាន់របស់លោកគឺ ស្តារឡើងវិញនូវវប្បធម៌ក្លឹបអាឡឺម៉ង់ និងតម្រង់ផ្លូវអភិវឌ្ឍកីឡាករវ័យក្មេង ដែលជាបញ្ហា លោកមើលឃើញ និងឆន្ទ:អភិវឌ្ឍយូរមកហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងបន្ទាប់ពីការតែងតាំង លោក Klopp បាននិយាយថា៖
“បាល់ទាត់អាល្លឺម៉ង់មានប្រវត្តិសាស្ត្ររុងរឿង ប៉ុន្តែយើងត្រូវបន្តអភិវឌ្ឍបន្ត ដើម្បីរក្សាការប្រកួតប្រជែងនៅលើឆាកពិភពលោក។ ខ្ញុំរីករាយដែលអាចជួយពីមុំផ្សេងមួយ — មិនមែនជាគ្រូបង្វឹកទៀតទេ ប៉ុន្តែជាមនុស្សម្នាក់ដែលស្រលាញ់បាល់ទាត់ និងចង់ឃើញវារីកចម្រើន។”
DFL បានពិពណ៌នាថា ការចូលរួមរបស់ Klopp ជាដំណាក់កាលសំខាន់មួយក្នុងការរួមបញ្ចូលបទពិសោធន៍ និងការច្នៃប្រឌិតនៅក្នុងបាល់ទាត់អាល្លឺម៉ង់។ ការចូលរួមរបស់លោករំពឹងថា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើ ការកែប្រែយុទ្ធសាស្ត្ររយៈពេលវែង ជាពិសេសលើវិធីដែលសាលាបាល់ទាត់បណ្ដុះយុវជនឱ្យត្រៀមខ្លួនចូលប្រកួតប្រជែងក្នុងកម្រិតខ្ពស់៕