
លោក Graham Potter អាយុ ៥០ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត ដោយមានកុងត្រារយៈពេលខ្លី ដើម្បីជួយដឹកនាំក្រុមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។
Potter ត្រូវបានតែងតាំងជំនួស លោក Jon Dahl Tomasson ដែលត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីស៊ុយអែតរកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ក្នុងវគ្គជម្រុះ ៤ប្រកួតដំបូងរបស់ពួកគេ ។
លោក Potter នឹងចាប់ផ្តើមការងារជាផ្លូវការ ដោយដឹកនាំការប្រកួតជម្រុះបន្ទាប់គឺជា ការប្រកួតក្រៅដីទល់នឹងស្វីស នៅថ្ងៃទី១៥ វិច្ឆិកា និងការប្រកួតនៅក្នុងដីតតាំងនឹងស្លូវេនី នៅថ្ងៃទី១៨ វិច្ឆិកា។
កុងត្រារបស់លោកនឹងត្រូវបន្ត អាស្រ័យលើស៊ុយអែតអាចឆ្លងទៅវគ្គ Play-offs ឬជាប់ទៅកាន់ព្រឹត្តិការណ៍ World Cup តែម្ដង។
លោក Potter មានប្រវត្តិដឹកនាំនៅក្នុងបាល់ទាត់ស៊ុយអែតយូរមកហើយ — លោកធ្លាប់ជាគ្រូបង្វឹកក្លឹប Östersunds FK ចាប់ពីឆ្នាំ២០១១ ដល់២០១៨ ដោយដឹកនាំក្រុមពីលីគទាបឡើងដល់ លីគកំពូលស៊ុយអែត និងបានដឹកនាំក្រុមឈានដល់ការប្រកួតអឺរ៉ុបផងដែរ។
ប្រវត្តិនៃការដឹកនាំនេះ នឹងនាំឱ្យលោកស្គាល់យ៉ាងច្បាស់អំពីវប្បធម៌បាល់ទាត់ស៊ុយអែត ដែលជាចំណុចល្អមួយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសហព័ន្ធបាល់ទាត់ស៊ុយអែត លោក Kim Källström។
ក្រុមជម្រើសស៊ុយអែតបច្ចុប្បន្ន មានខ្សែប្រយុទ្ធឆ្នើមដូចជា Alexander Isak និង Viktor Gyökeres ដែលលេងនៅ Premier League ប៉ុន្តែក្រុមក៏នៅតែធ្វើមិនសូវល្អក្នុងវគ្គជម្រុះនេះ៕