
ក្រុមហ៊ុន INEOS របស់លោក Sir Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុនរបស់ Manchester United និងក្លឹប Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងដោះស្រាយជម្លោះច្បាប់នៅក្រៅតុលាការ ដោយ INEOS បានយល់ព្រមបង់ប្រាក់ជាង 11 លានផោន (ប្រហែល 14.7 លានដុល្លារ) ដល់ Tottenham ដើម្បីបញ្ចប់វិវាទនេះ ដោយទាំងសងខាងបានបញ្ជាក់ថាបានឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ។
ជម្លោះនេះកើតឡើងពីកិច្ចព្រមព្រៀងឧបត្ថម្ភដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ 2022 រវាង Tottenham និង INEOS Automotive Limited លើកុងត្រារយៈពេល 5 ឆ្នាំ ដែលមានតម្លៃប្រហែល 17.5 លានផោន ។ បន្ទាប់មក Tottenham បានបញ្ឈប់កិច្ចសន្យានៅខែមីនា ឆ្នាំ 2025 ដោយចោទប្រកាន់ថា INEOS បរាជ័យក្នុងការបង់ប្រាក់តាមការសន្យាចំនួន 5.1 លានផោន និងប្រាក់ Bonus ជាង 48 ម៉ឺនផោន បន្ថែមទៀត ធ្វើឲ្យពួកគេសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅខែមិថុនា ដោយស្នើសុំសំណងជាង 5.2 លានផោនសម្រាប់ការរំលោភកិច្ចសន្យា របស់ INOES ។
INEOS បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថាក្រុមហ៊ុនមានសិទ្ធិបញ្ចប់កិច្ចសន្យាតាមច្បាប់ ដែលបានអនុវត្តនៅខែធ្នូ ឆ្នាំ 2024 ហើយ INEOS បានដាក់ពាក្យតវ៉ាវិញដោយស្នើសុំសំណង 1 លានផោន ដោយចោទប្រកាន់ថា Tottenham បានរំលោភសិទ្ធិផ្តាច់មុខដោយធ្វើការចរចាជាមួយក្រុមហ៊ុន Audi ក្នុងអំឡុងពេលការផ្ទេរ Harry Kane ទៅ Bayern Munich ៕