×

Ronaldo បញ្ជាក់ថា World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការចូលរួមលើកចុងក្រោយរបស់គាត់

ខ្សែប្រយុទ្ធរបស់ព័រទុយហ្គាល់ Cristiano Ronaldo បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងក្លាយជាលើកចុងក្រោយរបស់គាត់។

កីឡាករវ័យ ៤០ ឆ្នាំ ដែលបានស៊ុតបញ្ចូលទីបាន ៩៥៣ គ្រាប់សម្រាប់ក្លឹប និងប្រទេស ក៏បាននិយាយផងដែរថា គាត់នឹងចូលនិវត្តន៍ពីបាល់ទាត់ក្នុងរយៈពេល “មួយ ឬពីរឆ្នាំទៀត”។

ការប្រកួត World Cup ឆ្នាំក្រោយ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងក្លាយជាការចូលរួមលើកទី៦ របស់ Ronaldo។

នៅក្នុងបទសម្ភាសន៍មួយនៅឯកិច្ចប្រជុំកំពូលទេសចរណ៍នៅទីក្រុង Riyadh នៅពេលត្រូវបានសួរថាតើឆ្នាំ ២០២៦ នឹងជាការប្រកួត World Cup ចុងក្រោយរបស់គាត់ដែរឬទេ Ronaldo បាននិយាយថា៖ “ពិតណាស់ បាទ។ ខ្ញុំនឹងមានអាយុ ៤១ ឆ្នាំ ហើយខ្ញុំគិតថា [នេះ] នឹងជាពេលចុងក្រោយក្នុងការប្រកួតដ៏ធំ”។

Ronaldo ដែលលេងបាល់ទាត់ឲ្យក្លឹប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមាន ១៤៣ គ្រាប់ ខណៈដែលគាត់បន្តខិតជិតដល់គោលដៅ ១,០០០ គ្រាប់ក្នុងអាជីព។

អតីតកីឡាកររបស់ Manchester United, Real Madrid និង Juventus រូបនេះ បាននិយាយកាលពីសប្តាហ៍មុនថា គាត់នឹងចូលនិវត្តន៍ “ឆាប់ៗនេះ” ប៉ុន្តែបានបញ្ជាក់កាលពីថ្ងៃអង្គារថា វានឹងអាចកើតឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខ។

គាត់បាននិយាយថា “និយាយដោយត្រង់ទៅ នៅពេលដែលខ្ញុំនិយាយថាឆាប់ៗនេះ វាប្រហែលជាមួយ ឬពីរឆ្នាំទៀតដែលខ្ញុំនឹងនៅតែបន្តលេង”។

Ronaldo បានជួយឲ្យព័រទុយហ្គាល់ក្លាយជាជើងឯក Euro 2016 ប៉ុន្តែ World Cup គឺជាពានរង្វាន់ធំមួយដែលគាត់មិនទាន់ឈ្នះ។

ក្រុមរបស់លោក Roberto Martinez នឹងធានាកៅអីរបស់ពួកគេ ប្រសិនបើពួកគេយកឈ្នះសាធារណរដ្ឋអៀរឡង់នៅថ្ងៃព្រហស្បតិ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង