×

Arsenal គ្រោងបោះលុយប្រមាណ 80លានអឺរ៉ូ ទិញ Rodrygo ពី Real Madrid

Arsenal ខិតជិតបន្ថែមកម្លាំងសំខាន់ម្នាក់ទៀតនៅក្នុងតំបន់ប្រយុទ្ធ បន្ទាប់ពីមានព័ត៌មានថា ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មានឆន្ទ:ចាយលុយ 60លានអឺរ៉ូដែលជាតម្លៃខ្លួនដំបូង និង 20លានអឺរ៉ូទៀតជាទឹកប្រាក់បន្ថែម ប្រសិនបើ Rodrygo ជួយក្លឹបឱ្យជោគជ័យ ដែលនាំឱ្យតម្លៃសរុបអាចឈានដល់ 80លានអឹរ៉ូ។

ក្លឹបកាំភ្លើងធំ ចាប់អារម្មណ៍លើកីឡាករប្រេស៊ីលរូបនេះ​យូរមកហើយ និងចាត់ទុកគេជាគោលដៅសំខាន់មួយ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ។ Mikel Arteta មើលឃើញថា Rodrygo មានល្បឿនលឿន បច្ចេកទេសញាក់ល្អ និងបទពិសោធន៍ជោគជាំនៅ Champions League ដែលអាចជួយបន្ថែមភាពខ្លាំង និងភាពបត់បែនដល់​ Arsenal រយ:ពេលវែង។ ចំណែកខាង Real Madrid, លោក Xabi Alonso ដែលជាគ្រូបង្វឹក ក៏បើកចំហចំពោះសំណើនេះដែរ។

Rodrygo បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍ កាលពីរដូវកាលមុន ទោះបីជាយ៉ាងណាគេនៅតែមិនជាប់ជម្រើស ១១នាក់ដំបូងក្រោមការដឹកនាំរបស់ Alonso ។ ក្នុងរដូវកាលនេះ គេបានលេងត្រឹមតែ 24% នាទីប៉ុណ្ណោះ ដែលជាចំនួនទាបសម្រាប់កីឡាករដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាអនាគតរបស់ក្លឹប។

ការលេងតិចនេះ បានបង្កើនការសន្និដ្ឋានថា Madrid អាចនឹងចង់លក់កីឡាករវ័យ 24 ឆ្នាំនេះ បើសិនទទួលបានតម្លៃសមរម្យ។ កញ្ចប់ទឹកប្រាក់ ៦០លានអឺរ៉ូ បូកទឹកប្រាក់បន្ថែម ២០លានអឺរ៉ូត្រូវបានគេចាត់ទុកថាសមស្របសម្រាប់ក្លឹប ពិសេសនៅពេលក្លឹបកំពុងស្វែងរកការសម្រួលនៅក្នុងក្រុមដោយបើកផ្លូវសម្រាប់កីឡាករមួយចំនួនចេញ ឬនាំចូលកីឡាករថ្មីនាពេលអនាគត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង