
អ្នកចាំទី Chelsea កីឡាករ Filip Jörgensen កំពុងពិចារណាចាកចេញនៅខែមករានេះ បើទោះបីជាគេទើបតែមកដល់កាន់ Stamford Bridge ប្រមាណ ១៨ ខែប៉ុណ្ណោះ។
អ្នកចាំទីរូបនេះ មានអារម្មណ៍មិនសប្បាយចិត្ត ព្រោះមិនសូវបានបង្ហាញខ្លួននៅរដូវកាលនេះ ហើយអន្ទះសារស្វែងចង់រកឱកាសចូលលេងទៀងទាត់ ដោយគិតថា ក្នុងអំឡុងវ័យនេះ គេត្រូវការការអភិវឌ្ឍសមត្ថភាព។
ព្រោះ Chelsea នៅតែពឹងផ្អែកលើអ្នកចាំទី ដែលមានបទពិសោធន៍ជាងខ្លួន ធ្វើឱ្យ Jörgensen ពិបាកជាប់ជាជម្រើស ១១នាក់ដំបូងរបស់ លោក Enzo Maresca ដូច្នេះគេចាប់ផ្តើមពិចារណាពីអនាគតរបស់គេ។
Jörgensen បានចូលរួម ជាមួយ Chelsea កាលពីរដូវក្តៅឆ្នាំ 2024 តាមរយៈការផ្ទេរ ដែលមានតម្លៃប្រមាណ 21លានផោន ហើយគេជាកីឡាករទិញចូលដំបូងរបស់ លោក Maresca បន្ទាប់ពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹក។ ក្លឹបបានមើលឃើញគេថា ជាការវិនិយោគរយៈពេលវែងដែលមានសក្តានុពល និងរំពឹងថា អ្នកចាំទីស៊ុយអែតរូបនេះ នឹងអាចប្រកួតប្រជែងសម្រាប់តំណែងអ្នកចាំទីដៃទី១ នៅពេលអនាគត។
យ៉ាងណាមិញ ទោះបីគេមានសមត្ថភាពក៏ដោយ ឱកាសចូលលេងនៅ Premier League ក៏នៅតែមានកម្រិតសម្រាប់គេ ហើយភាគច្រើនគេត្រូវបានប្រើប្រាស់ក្នុងពានរង្វាន់តូចៗ ឬដូរចូលនៅចុងម៉ោង។
ដោយសារហេតុនេះ កីឡាករវ័យ ២២ឆ្នាំកំពុងវាយតម្លៃថា តើការចាកការចេញទៅក្លឹបផ្សេង—ជាអចិន្ត្រៃយ៍ ឬខ្ចីជើង—នឹងអាចបំពេញមហិច្ឆតាលេងរបស់គេបានប្រសើរឡើងជាងមុន ឬយ៉ាងណា ខណៈដែលក្លឹបជាច្រើនបង្ហាញចំណាប់អារម្មណ៍លើរូបគេ៕