×

ថ្ងៃនេះសមាជិកក្លិបនៅ Premier League ទាំងអស់នឹងចូលរួមបោះឆ្នោតដើម្បីធ្វើកំណែទម្រង់ថ្មីដែលនឹងមិនអនុញ្ញាតិឲ្យក្លិបចាយលុយច្រើនលើប្រាក់ពលកម្មកីឡាករដូចបច្ចុប្បន្នឡើយ

សមាជិកក្លិបនៃលីគកំពូលអង់គ្លេស English Premier League ទាំង ២០ នឹងបោះឆ្នោតនៅយប់ថ្ងៃសុក្រនេះជុំវិញការកំណត់កម្រិតពលកម្មរបស់កីឡាករឲ្យមកនៅត្រឹម ៨៥ ភាគរយនៃប្រាក់ចំណូលពីការលក់សិទ្ធផ្សាយលើទូរទស្សន៍ និងពាណិជ្ជកម្មផ្សេងៗ ដែលការផ្តល់យោបល់នេះគឺជាផ្នែកមួយនៃការកែទម្រង់ Profitability and Sustainability Rules (PSR) ហើយត្រូវការការគាំទ្រពីក្លិបចំនួន ១៤ ក្នុងចំណោម ២០ ដើម្បីអនុម័តគោលការណ៍ខាងលើ។

ប្រសិនបើការកំណត់នេះត្រូវបានអនុម័ត វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមដូចជា Manchester United និង Chelsea ដែលមានការចំណាយប្រាក់ខែខ្ពស់ ស្របតាមរបាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថា United បានចំណាយ ៣៣១ លានផោនលើប្រាក់ខែសរុប ដែលស្មើនឹង ៩១ ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ។ Chelsea ចំណាយ ៤០៣ លានផោនលើប្រាក់ខែ ដែលស្មើនឹង ៦១ ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ។ ក្លិបទាំងពីរនឹងត្រូវកាត់បន្ថយការចំណាយប្រាក់ខែយ៉ាងច្រើនប្រសិនបើចង់បំពេញតាមបទប្បញ្ញត្តិថ្មី ខណៈក្លិបផ្សេងទៀតដូចជា Manchester City (62%), Liverpool (67%), Arsenal (59%), Tottenham (54%) និង Newcastle (71%) ក៏នឹងត្រូវប៉ះពាល់ផងដែរ។

ក្លិបកម្រិតកណ្ដាលដូចជា Brighton, Brentford និង Bournemouth ដែលមានការគ្រប់គ្រងហិរញ្ញវត្ថុល្អ គាំទ្រការផ្លាស់ប្តូរនេះ។ ស្របពេល Manchester United, Manchester City, Chelsea និង Aston Villa ត្រូវបានគេរំពឹងថានឹងបោះឆ្នោតប្រឆាំងនឹងការកំណត់ខាងលើ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង