
ដំណឹងល្អសម្រាប់ប្រិយមិត្តដែលគាំទ្រក្រុមបញ្ចខែល ព័រទុយហ្កាល់គឺថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានសម្រេចព្យួរការពិន័យប្រធានក្រុម Cristiano Ronaldo ដល់ឆ្នាំក្រោយ ដែលមានន័យថា Ronaldo នឹងមិនចាំបាច់ខកខាន ២ ប្រកួតដំបូងនៅ World Cup ឡើយ ។
ដើមហេតុគឺមកពី Ronaldo បានដាក់មួយកែងចំមុខកីឡាកររបស់សាធារណៈរដ្ឋអៀរឡង់នៅសប្ដាហ៍មុន ហើយត្រូវបានមន្ត្រីកាត់ក្ដីការប្រកួតដកកាតក្រហមបណ្ដេញពីទីលានជាលើកដំបូង ហើយក្រោយមកត្រូវបានដាក់ពិន័យ ៣ ប្រកួត តាមរយៈទង្វើខាងលើ ហើយប្រកួតទី ១ គឺ Ronaldo បានអវត្តមានទល់នឹង អាល់មេនៀ ហើយ ២ ប្រកួតទៀតគឺនឹងនៅការប្រកួត FIFA World Cup តែម្ដង ។
ដោយយោងតាមមាត្រាទី ២៧ របស់ FIFA’s disciplinary code គឺ FIFA បានសម្រេចព្យួរការពិន័យ ២ ប្រកួតខាងលើរបស់ Ronaldo ដល់ឆ្នាំក្រោយមួយទៀត ដែលមានន័យថាគាត់នឹងអាចលេងបានធម្មតាដោយមិនចាំបាច់អវត្តមានដោយការពិន័យនៅ World Cup ដែលគ្រងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ ២០២៦ ខាងមុខនេះ ឡើយ ៕