
ភ្នំពេញ៖ អ្នកផលិតមាតិកាអន្តរជាតិ Mooch Travels បានបង្ហាញវត្តមានដ៏ពិសេសនៅស្ទូឌីយ៉ូ Camwood ក្នុងសប្តាហ៍នេះ ផ្តល់ឱ្យទស្សនិកជនពិភពលោកបានឃើញពីទិដ្ឋភាពនៃវិស័យប្រដាល់គុនខ្មែរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនេះ Mooch ដែលជាអ្នកផលិតមាតិកា ដែលធ្លាប់ផ្សព្វផ្សាយនៅផ្លូវថ្មើរជើងចតុមុខ បានជួបជាមួយទាំងកីឡាករគុនខ្មែរ អាជ្ញាកណ្តាល ពិធីករ ពិធីការនី និងអ្នកគាំទ្រយ៉ាងច្រើនកុះករ។ លោកបានបង្ហាញនូវសាររួមមួយថា គុនខ្មែរមិនមែនគ្រាន់តែជាកីឡាប៉ុណ្ណោះទេ តែវាជាអត្តសញ្ញាណ វិន័យ និងមោទកភាពជាតិ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ Mooch បានផ្តិតយកទិដ្ឋភាពដ៏រស់រវើកនៅក្នុងស្ទូឌីយ៉ូ ដូចជាពិធីរំលឹកគុណគ្រូ សំឡេងហ៊ោកញ្ជ្រៀវពីសំណាក់ទស្សនិកជន និងការផ្លាស់ប្តូរកណ្តាប់ដៃយ៉ាងស្វិតស្វាញនៅលើសង្វៀន។
Mooch ក៏បានជួបពិភាក្សាជាមួយ លោក David Ulmer នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាក្រុមហ៊ុនផ្សព្វផ្សាយធំជាងគេនៅកម្ពុជា។ វេទិកាផ្សព្វផ្សាយជាសកលរបស់ Mooch នេះ បានជួយនាំយកប្រពៃណីកីឡាប្រយុទ្ធរបស់កម្ពុជា ទៅកាន់ទស្សនិកជនថ្មីៗនៅជុំវិញពិភពលោក។
នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ Mooch បានបង្ហាញការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចរបស់កីឡាករ និងអ្នកគាំទ្រ ដោយនិយាយថាបទពិសោធន៍នេះគឺ៖ “ពិតជាអស្ចារ្យនិងប្លែក” ហើយជាអ្វីដែលភ្ញៀវទេសចរមកកាន់រាជធានីភ្នំពេញមិនគួររំលង។
ទស្សនកិច្ចរបស់ Mooch Travels បានគូសបញ្ជាក់ពីឥទ្ធិពលវប្បធម៌នៃគុនខ្មែរ ដែលជាកីឡាមួយកសាងឡើងដោយការគោរព ភាពរឹងមាំ និងប្រវត្តិសាស្ត្រ៕

