
ភ្នំពេញ៖ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាក្រុមហ៊ុនផលិតមាតិកាដ៏ធំនិងមានឥទ្ធិពលបំផុតនៅកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសហការជាមួយក្រុមហ៊ុន Protégé Media ដែលជាអ្នកផ្គត់ផ្គង់ទិន្នន័យបណ្តុះបណ្តាលសម្រាប់បញ្ញាសិប្បនិម្មិត (AI) ឈានមុខគេលើពិភពលោក។
កិច្ចសហប្រតិបត្តិការនេះ បានកត់សម្គាល់ថា CBS គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដំបូងគេនៅកម្ពុជា ដែលផ្តល់អាជ្ញាប័ណ្ណ (License) លើមាតិកាភាសាខ្មែររបស់ខ្លួនទៅឱ្យអ្នកអភិវឌ្ឍន៍ AI ធំៗលំដាប់ពិភពលោក ដែលនេះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការនាំយកវប្បធម៌ ភាសា និងការនិទានរឿងរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិនៃវិស័យបញ្ញាសិប្បនិម្មិត។
តាមរយៈភាពជាដៃគូនេះ បណ្ណាល័យដ៏ធំរបស់ CBS ដែលរួមមានផ្ទុក រឿងភាគ កម្មវិធីកម្សាន្ត ការប្រកួតកីឡា កម្មវិធីជជែក កម្មវិធីបែបជីវិត និងមាតិកាសោតទស្សន៍ផ្សេងៗទៀត នឹងត្រូវដាក់បញ្ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីទិន្នន័យបណ្តុះបណ្តាលសកលរបស់ Protégé។ សំណុំទិន្នន័យនេះ នឹងជួយគាំទ្រដល់ការអភិវឌ្ឍម៉ូដែល AI ដែលប្រើប្រាស់ដោយក្រុមហ៊ុននវានុវត្តន៍ឈានមុខគេដូចជា ChatGPT, Claude, Grok និងវេទិកា AI ថ្មីៗផ្សេងទៀត។
ខណៈប្រព័ន្ធ AI កាន់តែមានភាពលេចធ្លោ តម្រូវការសម្រាប់ទិន្នន័យដែលមានភាពចម្រុះ សម្បូរបែបដោយវប្បធម៌ និងមានភាពតំណាងក៏កាន់តែមានការកើនឡើង។ បច្ចុប្បន្ន ភាសាខ្មែរនៅតែជាភាសាមួយក្នុងចំណោមភាសាដែលមិនសូវមានតំណាង (Underrepresented) នៅក្នុងម៉ូដែល AI។ ការចូលរួមចំណែករបស់ CBS មានគោលបំណងផ្លាស់ប្តូរ ដោយជួយឱ្យប្រព័ន្ធ AI នាពេលអនាគតអាចយល់កាន់តែច្បាស់អំពីភាសាខ្មែរ ប្រជាជន ឯកសារយោង និងបរិបទវប្បធម៌ខ្មែរ។
លោកស្រី Xenia Shevnina ប្រធានផ្នែកផ្តល់អាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់ EMEA (អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក) នៅក្រុមហ៊ុន Protégé បានមានប្រសាសន៍ថា៖ “ភាសាខ្មែរគឺជាភាសាដ៏រស់រវើក និងមានបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅ ប៉ុន្តែវានៅតែហាក់ដូចជាមើលមិនឃើញនៅក្នុង AI នាពេលបច្ចុប្បន្ននេះ។ តាមរយៈការបញ្ចូលមាតិកាដ៏ល្អឯករបស់ CBS ទៅក្នុងបណ្តាញទិន្នន័យបណ្តុះបណ្តាលរបស់យើង យើងកំពុងបោះជំហានដ៏ធំមួយឆ្ពោះទៅរកភាពត្រឹមត្រូវ និងការមានតំណាងជាសកលនៅក្នុងបញ្ញាសិប្បនិម្មិត។”
លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS បានបន្ថែមថា៖
“យើងចង់ឃើញពិភពលោកមួយដែលម៉ូដែល AI នាពេលអនាគត មានការយល់ដឹងពេញលេញអំពីវប្បធម៌ អក្សរ និងការនិយាយភាសាខ្មែរ។ ភាពជាដៃគូនេះអនុញ្ញាតឱ្យយើងនាំយកបណ្ណាល័យភាសាខ្មែរដ៏ធំបំផុតរបស់ពិភពលោក ចូលទៅក្នុងបច្ចេកវិទ្យាដែលជាព្រំដែនថ្មី ក្នុងវិធីមួយដែលគោរពដល់មាតិការបស់យើង និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។”
ភាពជាដៃគូនេះ ពង្រឹងបេសកកម្មរបស់ CBS ក្នុងការលើកកម្ពស់វប្បធម៌ ភាសា និងគំនិតច្នៃប្រឌិតរបស់ខ្មែរនៅក្នុងយុគសម័យឌីជីថល។
អំពីក្រុមហ៊ុន Cambodian Broadcasting Service (CBS)
ក្រុមហ៊ុន Cambodian Broadcasting Service (CBS) គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍ឈានមុខគេនៅកម្ពុជា ដែលផលិត និងចែកចាយមាតិកាទូរទស្សន៍ និងអនឡាញជាភាសាខ្មែរដែលមានគុណភាពខ្ពស់គ្រប់ប្រភេទ រួមមានរឿងភាគ កម្មវិធីប្រកួតប្រជែង កម្មវិធីតន្ត្រីនិងការរាំ កម្មវិធីធ្វើម្ហូប និងកម្មវិធីជជែកកម្សាន្ត។ CBS ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាសា និងវប្បធម៌ខ្មែរទាំងក្នុង និងក្រៅប្រទេស ហើយឥឡូវនេះកំពុងពង្រីកបេសកកម្មនោះចូលទៅក្នុងយុគសម័យ AI ដោយនាំយកបណ្ណាល័យមាតិការបស់ខ្លួនទៅចែករំលែកជាមួយដៃគូបច្ចេកវិទ្យាសកល។ CBS គឺជាសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
អំពីក្រុមហ៊ុន Protégé
Protégé គឺជាប្រភពដែលគួរឱ្យទុកចិត្តសម្រាប់ការស្វែងរក និងចែករំលែកទិន្នន័យបណ្តុះបណ្តាល AI ដោយអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទិន្នន័យដោយរលូន និងស្របតាមគោលការណ៍ច្បាប់។ តាមរយៈការផ្តល់លទ្ធភាពដល់ម្ចាស់ទិន្នន័យ និងការភ្ជាប់ពួកគេជាមួយអ្នកអភិវឌ្ឍន៍ AI ក្រុមហ៊ុន Protégé ជួយគាំទ្រដល់ការបង្កើតដំណោះស្រាយ AI ប្រកបដោយការគិតគូរវែងឆ្ងាយ។ វិធីសាស្ត្របែបវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្ររបស់ Protégé អនុញ្ញាតឱ្យក្រុមការងារ AI អាចស្វែងរក និងទទួលបានសិទ្ធិប្រើប្រាស់ (License) យ៉ាងឆាប់រហ័សនូវសំណុំទិន្នន័យដែលបានសម្រាំងយ៉ាងច្រើនពីគ្រប់ឧស្សាហកម្ម ដែលជួយពន្លឿនពេលវេលាក្នុងការទទួលបានទិន្នន័យដែលត្រៀមរួចជាស្រេចសម្រាប់ AI ដើម្បីយកទៅអភិវឌ្ឍម៉ូដែលរបស់ពួកគេ។
ក្រុមការងារ Protégé Media ធ្វើការសម្រាំង ផ្តល់សិទ្ធិប្រើប្រាស់ និងរៀបចំកាតាឡុកចម្រុះនៃខ្សែភាពយន្ត ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដើម្បីឱ្យម៉ូដែល AI អាចរៀនពីភាសា វប្បធម៌ និងមាតិកាដ៏សម្បូរបែប និងទូលំទូលាយ។ ចក្ខុវិស័យរបស់ Protégé គឺថាទិន្នន័យបណ្តុះបណ្តាល និងទិន្នន័យវាយតម្លៃដែលត្រឹមត្រូវ ត្រូវបានប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍របស់មនុស្សជាតិទាំងមូល កាត់បន្ថយភាពលំអៀង និងបង្កើនភាពតំណាងឱ្យបានកាន់តែទូលំទូលាយ។