
អ្នកគាំទ្រក្រុមបាល់ទាត់ Flamengo រាប់ពាន់នាក់បាននាំគ្នាចុះផ្លូវនៅក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃអាទិត្យ ម្សិលមិញយ៉ាងណែនណាន់តាន់តាប់ ដើម្បីអបអរសាទរម្ចាស់ពានរង្វាន់ Copa Libertadores លើកទីបួនរបស់ក្រុមពួកគេ ខណៈកីឡាករ បុគ្គលិក រួមទាំងគ្រូបង្វឹកផង បានដើរដង្ហែរជុំវិញទីក្រុង មានទាំងអ្នកនៅលើឡានដឹកទំនិញ អមដោយការស្រែកហ៊ោញ្ជ្រៀវយ៉ាងរំភើបចិត្តក្រៃលែង ។
គ្រូបង្វឹកក្រុម Flamengo លោក Filipe Luis Kasmirski បានលើកពានឡើងលើ ប្រកបដោយមោទកភាពក្នុងអំឡុងពេលដង្ហែ ញ៉ាំឱ្យកាន់តែមានភាពរីករាយចំពោះអ្នកគាំទ្រដ៏ច្រើនកុះករ។ អ្នកគាំទ្រក្លឹបបាល់ទាត់ដែលជាម្ចាស់ជើងឯកអាមេរិកខាងត្បូងនេះ បានចុះផ្លូវយ៉ាងច្រើនកុះករ ក្នុងដៃមានទង់ជាតិក្រហម និងខ្មៅលើកគ្រវីឡើង បង្កើតបរិយាកាសដ៏សែនរំភើបរីករាយ ។
លោក Gustavo Alvira ជាអ្នកគាំទ្រម្នាក់ បាននិយាយដោយមោទភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមទាំងមូល ព្រមទាំងសរសើរដល់ការដឹកនាំរបស់គ្រូបង្វឹក Kasmirski និងបានបញ្ជាក់ដោយសម្តីថា ក្រុម Flamengo ស័ក្តិសមនឹងទទួលបានជ័យជម្នះបែបនេះ ។
ក្បួនដង្ហែរជ័យជំនះដ៏ធំសម្បើមនេះ ពិតជាបានបង្ហាញស្មារតីស្រឡាញ់គាំទ្រវិស័យកីឡារបស់ប្រទេសជាតិខ្លួន ជាមួយនឹងការលើកពាន Copa Libertadores ខណៈកីឡាករជាច្រើនរូប បានច្រៀងរួមគ្នាជាមួយអ្នកគាំទ្រពីលើឡានក្រុងយ៉ាងកងរំពងផ្តល់អារម្មណ៍ហាក់ដូចពិធីបុណ្យជាតិដ៏ធំ ដែលឮសម្លេងច្រៀងបន្ទរពីគ្រប់ទិសទីក្នុងទីក្រុង ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW618430112025RP1%3A3