
Sergio Ramos កំពុងរកផ្លូវត្រឡប់ទៅលេងបាល់ទាត់អឺរ៉ុបម្ដងទៀត បន្ទាប់ពីចំណាយពេលមួយរយ: ជាមួយក្លឹបបាល់ទាត់ម៉ិកស៊ិក Monterrey។ កីឡាករវ័យ ៣៩ឆ្នាំរូបនេះ នៅតែមានអារម្មណ៍ថា ខ្លួននៅមានសមត្ថភាព និងអាចលេងនៅកម្រិតមួយខ្ពស់បាន។
បច្ចុប្បន្ន AC Milan គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀត ដែលចាប់អារម្មណ៍ខ្លាំង ក្នុងការនាំយករូបគាត់ទៅចូលរួម ជាមួយ។ គ្រូបង្វឹកក្លឹបយក្សអ៊ីតាលី លោក Massimiliano Allegri ជាមនុស្សម្នាក់ ដែលស្រឡាញ់ភាពជាអ្នកដឹកនាំ បទពិសោធន៍ និងមហិច្ឆតាចង់ឈ្នះរបស់ Ramos ដែលលោកមើលឃើញថា អាចពង្រឹងក្រុមបានទាំងក្នុង និងក្រៅទីលាន។
អតីតប្រធានក្រុម Real Madrid រូបនេះ កំពុងបើកចំហរទទួលយកឱកាសលេងជាលើកចុងក្រោយនៅអឺរ៉ុប ខណៈដែលគាត់កំពុងស្វែងរកក្រុមថ្មីសមនឹងចិត្តចង់ប្រកួតប្រជែងក្នុងកម្រិតខ្ពស់របស់គាត់។
ក្រៅពីនេះ Ramos ជឿថា ក្តីសង្ឃឹមក្នុងការតំណាងឱ្យជម្រើសជាតិអេស្ប៉ាញ ចូលរួមព្រឹត្តិការណ៍ World Cup 2026 នៅតែមានសម្រាប់គាត់ ហើយគាត់ជឿទៀតថា ការត្រឡប់ទៅអឺរ៉ុប គឺជាវិធីល្អបំផុត ដើម្បីរក្សារូបរាង ភាពរឹងមាំ និងឱកាសចូលរួម ជាមួយក្រុមជម្រើសជាតិម្ដងទៀត។
ការផ្លាស់ទៅលេងអឺរ៉ុបជាថ្មី នឹងមិនមែនគ្រាន់តែបន្តការប្រកួតប្រជែងក្នុងបរិយាកាសដែលមានការទាមទារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថា គាត់នៅតែអាចធ្វើបានល្អទល់នឹងខ្សែប្រយុទ្ធកំពូលៗវ័យក្មេងបច្ចុប្បន្ន។
AC Milan កំពុងតាមដានស្ថានភាពរបស់ Ramos យ៉ាងជិតដល់ ព្រោះដឹងច្បាស់ពីឥទ្ធិពលដែលកីឡាករចាស់វស្សារូបនេះអាចផ្ដល់ឱ្យក្លឹបបាន ខណៈដែល Ramos កំពុងជ្រេជម្រើសនានា ដែលមាននៅក្នុងដៃ មុននឹងសម្រេចចិត្តជំពូកចុងក្រោយនៃអាជីពរបស់គាត់៕
