×

កីឡាករសញ្ជាតិអុីស្លង់ គាំងបេះដូង​អំឡុងពេល​ការប្រកួត​នៅ​លីគបាល់ទាត់​ន័រវែស

ការប្រកួតបាល់ទាត់នៅប្រទេសន័រវែស ត្រូវបានបញ្ឈប់ កាលពីថ្ងៃចន្ទ ដោយសារតែកីឡាករម្នាក់ បានគាំងបេះដូងនៅលើទីលាន។

ខ្សែបម្រើសញ្ជាតិអ៊ីស្លង់ Emil Palsson ដែលកំពុងខ្ចីជើងនៅក្រុម Sogndal ពីក្លិប Sarpsborg 08 បានគាំងបេះដូង បន្ទាប់ពីលេងបានតែ ១២ នាទីនៃតង់ទីមួយ ទល់នឹងក្រុម Stjordals-Blink ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លិបបាននិយាយថា កីឡាករវ័យ ២៨ឆ្នាំរូបនេះ “បានរស់ឡើងវិញដោយជោគជ័យ”។ បន្ទាប់មក Palsson ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាលបន្ថែម។

សូមជម្រាបថា កាលពីខែមិថុនា ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen អាយុ ២៩ ឆ្នាំបានដួលនៅលើទីលាន ដោយសារតែការគាំងបេះដូង អំឡុងពេលការប្រកួត Euro 2020 របស់ក្រុមដាណឺម៉ាក ទល់នឹងក្រុមហ្វាំងឡង់ ហើយអាជ្ញាកណ្ដាល កីឡាករ និងក្រុមគ្រូពេទ្យ បានជួយសង្គ្រោះជីវិតរូបគេ នៅលើទីលានដោយជោគជ័យផងដែរ។

ថ្មីៗនេះ អតីតខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Sergio Aguero ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្ត បន្ទាប់ពីបង្ហាញអាការ ឈឺទ្រូង ខណៈដែលក្រុម Barcelona បានស្មើ ១-១ ទល់នឹងក្រុម Alaves ក្នុងក្របខណ្ឌ La Liga ។ បន្ទាប់ពីការធ្វើតេស្តបេះដូង កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវឱ្យសម្រាករយៈពេល ៣ខែ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង