
ភ្នំពេញ៖ អ្នកបង្កើតមាតិកាទេសចរណ៍អាមេរិក លោក Enes Ozdemir (ឬ Mooch Travels) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឱ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់ពីទិដ្ឋភាពវប្បធម៌របស់កម្ពុជា។ តាមរយៈវីដេអូដ៏គួរឱ្យចាប់អារម្មណ៍របស់លោក, Mooch បានបង្ហាញទិដ្ឋភាពជាច្រើន ចាប់ពីជីវភាពរស់នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ រហូតដល់ទីតាំងក្បាច់គុនបុរាណ នៅស្ទូឌីយ៉ូ Camwood។
វត្តមានរបស់លោក នៅសង្វៀនគុនខ្មែររបស់ក្រុមហ៊ុន CBS កាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈលោកបានផ្តិតយកទិដ្ឋភាពនៃបេតិកភណ្ឌក្បាច់គុនបុរាណរបស់កម្ពុជា។ Mooch បានបង្ហាញនូវការគោរពសំណាក់កីឡាករវ័យក្មេង និងជើងឯករៀមច្បង និងទឹកចិត្តស្រលាញ់វិស័យនេះយ៉ាងជ្រាលជ្រៅ។
អ្នកលេងបណ្តាញសង្គមនៅកម្ពុជា បានកោតសរសើរលោក Mooch ចំពោះភាពស្មោះត្រង់ និងការយល់ដឹងពីវប្បធម៌ ដោយកត់សម្គាល់ថាវីដេអូរបស់លោកបានជួយលុបបំបាត់ការយល់ឃើញអវិជ្ជមាន និងបង្ហាញថាប្រទេសកម្ពុជាពោរពេញដោយភាពកក់ក្តៅ ភាពរស់រវើក និងសម្បូរបែបដោយប្រវត្តិសាស្ត្រ៕


