
Arsenal កំពុងនាំមុខក្លឹបផ្សេងទៀត ក្នុងការប្រជែងយកខ្សែបម្រើប្រយុទ្ធ Kenan Yıldız ពី Juventus។ ក្លឹបកាំភ្លើងធំ បានទាក់ទងទៅកាន់ភ្នាក់ងាររបស់កីឡាករ ដើម្បីស្ទាបស្ទង់ប្រាក់ពលកម្មប្រចាំឆ្នាំ ដែលគេចង់បាន ក្នុងករណីដែល Juventus មិនអាចចរចាត្រូវរ៉ូវ ជាមួយកីឡាកររូបនេះ។
យ៉ាងណាមិញ Yıldız កំពុងចរចាបន្តកុងត្រា ជាមួយ Juventus ដែលក៏មើលឃើញគេថា ជាផ្នែកដ៏សំខាន់មួយនៃគម្រោងអនាគតរបស់ក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយ ការចរចារនៅតែរាំងស្ទះនៅឡើយ។ ភ្នាក់ងាររបស់គេ ស្នើសុំប្រាក់នឿយហត់ប្រហែល 6–7លានអឺរ៉ូក្នុងមួយឆ្នាំ ដោយសំអាងថា សមត្ថភាពរបស់គេ គួរតែស័ក្តិសមនឹងកុងត្រាកម្រិតខ្ពស់មួយ។
បច្ចុប្បន្ន Yıldız ទទួលប្រាក់ពលកម្មប្រមាណត្រឹមតែ 1.7 លានអឺរ៉ូ បូករួមបន្ថែមនឹងប្រាក់រង្វាន់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា សំណើប្រាក់ពលកម្មចុងក្រោយរបស់ Juventus នៅស្ថិតក្រោម 5 លានអឺរ៉ូក្នុងមួយឆ្នាំ ដែលនេះ នៅតែបញ្ហារាំងស្ទះរវាងតម្រូវការរបស់កីឡាករ និងការផ្ដល់ជូនរបស់ក្លឹប។ ដូច្នេះ ប្រសិនបើការចរចាមិនអាចសម្របសម្រួលបាននោះ Arsenal អាចនឹងមានឱកាសកាន់តែច្រើនឡើងៗ ក្នុងការនាំយក Yıldız ទៅកាន់កីឡដ្ឋាន Emirates៕
