
នាយកផ្នែកកីឡារបស់ Barcelona លោក Deco បានបដិសេធចំពោះពាក្យចចាមអារ៉ាមដែលថា ក្លឹបនឹងនាំយក Lionel Messi ត្រលប់ទៅវិញ។
កន្លងមក មានព័ត៌មានជាច្រើនបានចុះផ្សាយពីការវិលត្រលប់មកវិញរបស់អតីតខ្សែប្រយុទ្ធក្លឹបអ្នកមានបុណ្យរូបនេះ លោក Deco បញ្ជាក់ថា រឿងនេះ មិនមែនជាការពិតទេ ដោយបន្ថែមថា វាមិនមែនជាប្រធានបទ ដែលក្លឹបកំពុងពិភាក្សានោះឡើយ។
“ខ្ញុំគិតថា វាមិនអាចទៅរួច ដែល Messi ត្រលប់មកវិញទេ។ គាត់មានកុងត្រា ជាមួយ Inter Miami ហើយយើងមិនបានពិភាក្សាអំពីរឿងនេះឡើយ។ Messi គឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែវាមិនមែនជាប្រធានឥឡូវនេះទេ។”
លោក Deco ក៏បានបន្ថែមថា Messi កំពុងផ្តោតលើគម្រោងរបស់គាត់ ជាមួយ Inter Miami ដែលគាត់នៅតែមានកុងត្រា និងមានតួនាទីសំខាន់នៅទីនោះ។ ខណៈដែល Barcelona កំពុងផ្ដោតលើអនាគតរបស់ក្លឹបដោយអភិវឌ្ឍក្រុមបច្ចុប្បន្ន និងយុទ្ធសាស្ត្ររយៈពេលវែង ជំនួសឱ្យត្រឡប់ទៅកាន់អតីតកាលវិញ៕
