×

តារាចម្រៀងប៉ុបដ៏ល្បី Mariah Carey ចូលរួមពីធីសម្ពោធបើកកីឡា អូឡាំពិករដូវរងា

អ្នករៀបចំកម្មវិធីប្រកួតអូឡាំពិករដូវរងា Milano Cortina 2026 Winter Olympics បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញថា តារាប៉ុបអាមេរិក Mariah Carey នឹងចូលរូមការប្រគុំតន្ត្រីដ៏ធំបំផុតដំបូងគេនៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Milano Cortina 2026 ។

តារាចម្រៀងប៉ុប Carey នឹងសម្តែងនៅកីឡដ្ឋាន San Siro នៃរដ្ឋ Milan នៅថ្ងៃទី 6 ខែកុម្ភៈខាងមុខ ក្នុងពិធីសម្ពោធបើកការប្រកួត ដោយនាងមានគោលបំណងឆ្លុះបញ្ចាំងពីប្រធានបទសំខាន់នៃគោលគំនិត “សុខដុមនីយកម្ម” ដោយរួមបញ្ចូលគ្នារវាងតន្ត្រី និងកីឡា ដើម្បីបង្ហាញពីតម្លៃស្នូលដូចជា ការរួបរួម ការគោរព និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ។

ពិធីសម្ពោធបើកនេះបង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសអ៊ីតាលីឈ្មោះ Balich Wonder Studio នឹងមានការសម្តែងដោយវិចិត្រករអន្តរជាតិ រួមជាមួយនឹងធាតុផ្សំនានាផ្សេងទៀតដើម្បីជាការអបអរសាទរដល់វប្បធម៌និងនវានុវត្តន៍(ការបង្កើតថ្មី)នៃប្រទេសអ៊ីតាលី ។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Milano Cortina 2026 នឹងប្រព្រឹត្តទៅនៅទូទាំងភាគខាងជើងប្រទេសអ៊ីតាលី ជដោយព្រឹត្តិការណ៍នានានឹងរៀបចំនៅទីក្រុង Milan ទីក្រុង Cortina d’Ampezzo និងកន្លែងផ្សេងទៀតនៅតំបន់ Lombardy, Veneto និង Trentino-Alto Adige ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW024015122025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង