×

ខ្សែប្រយុទ្ធ Robert Lewandowski ស៊ុត Hat-Trick ជួយ Bayern Munich យកឈ្នះ Benfica កក់កៅអី​ទៅវគ្គ១៦​ក្រុម​ចុងក្រោយ UEFA Champions League

ក្រុម Bayern Munich បានយកឈ្នះក្រុមភ្ញៀវ Benfica ដោយលទ្ធផលដល់ទៅ ៥-២ នៅក្នុងការប្រកួតជុំទី៤ ពូល E ពានរង្វាន់ UEFA Champions League។

ជំនួបលើទីលាន Allianz Arena ក្រុម Bayern Munich លេងគ្របសង្កត់លើគូប្រជែងស្ទើរតែទាំងស្រុង តាមរយៈការមានឱកាសគ្រប់គ្រងបាល់ដល់ទៅ៦៥ភាគរយ និង ឱកាសស៊ុតបាល់ដល់ទៅ២៤ដង រីឯ Benfica មានឱកាសស៊ុតតែ៧ដង។ កែបាល់បាន២៦នាទីខ្សែប្រយុទ្ធ Robert Lewandowski ដែលបង្ហាញខ្លួនគម្រប់១០០លើកនៅ Champions League ក្នុងការប្រកួតនេះ បានបំប៉ោងសំណាញ់ទីគ្រាប់បើកឆាករបស់ Bayern Munich ហើយមិត្តរួមក្រុមរបស់គេគឺខ្សែបម្រើ Serge Gnabry បានបន្ថែមគ្រាប់ទី២នៅនាទី៣២។ ក្រុម Benfica ក៏បានវាយបកយក១គ្រាប់វិញ នៅនាទី៣៨ ដោយខ្សែការពារ Morato។ ចុងវគ្គទី១ កីឡាករ Lucas Verissimo របស់ Benfica បានបង្កកំហុសដោយយកដៃទប់បាល់ដែលស៊ុតដោយកីឡាករ Leon Goretzka ក្នុងប្រអប់ដែលនាំអោយ Bayern Munich ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ។ Robert Lewandowski ជាអ្នកទទួលភារៈទាត់បាល់ពិន័យនេះ តែរូបគេធ្វើមិនសម្រេចទេ។

នៅក្នុងការប្រកួតវគ្គទី២ Leroy Sané បានបន្ថែមការនាំមុខគ្រាប់ទី៣របស់ Bayern Munich ក្នុងនាទី៤៩ មុនពេល Robert Lewandowski ថែមគ្រាប់នាំមុខគ្រាប់ទី៤ នៅក្នុងនាទី៦១។ យ៉ាងណា នៅនាទី៧៤ ខ្សែប្រយុទ្ធ Darwin Núñez បានតាមរកគ្រាប់ទី២ អោយ Benfica វិញ ប៉ុន្តែនៅនាទី៨៤ មុនចប់ការប្រកួត Robert Lewandowski ក៏បានរកគ្រាប់បាល់បញ្ចូលទីដែលជាគ្រាប់ទី៣របស់គេ និង ជាគ្រាប់ទី៥របស់ Bayern Munich បានសម្រេច។ កីឡាករប៉ូឡូញពេលនេះ បានរកគ្រាប់បាល់៨១គ្រាប់ហើយ និង រកបាន Hat-Trick ៤ដងហើយ ក្នុងពានរង្វាន់ Champions League។ Lewandowski ក៏កំពុងឈរកំពូលតារាងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ Champions League រដូវកាលនេះដែរ ដោយមាន៨គ្រាប់។

លទ្ធផល១គូទៀតក្នុងពូលជាមួយគ្នាគឺ Barcelona ឈ្នះ Dynamo Kyiv ១-០។
សម្រាប់ជ័យជំនះនេះធ្វើអោយ Bayern Munich កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយហើយ បើទោះជាសល់២ប្រកួតទៀតក្តី ដ្បិតពួកគេកំពុងឈរកំពូលតារាង មាន១២ពិន្ទុ ពីលើក្រុមលេខ២ Barcelona ចំនួន៦ពិន្ទុ។ ចំពោះក្រុម Benfica នៅលេខ៣មាន៤ពិន្ទុ ហើយ Dynamo Kyiv នៅលេខ៤ មាន១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង