
តាមរយៈការបិទបញ្ជីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមបិសាចក្រហមក្នុងខែធ្នូប្រចាំឆ្នាំ ២០២៥ នេះបានឲ្យដឹងថាក្លិបបានកាត់បន្ថយថ្លៃចំណាយលើប្រាក់ពលកម្មរបស់កីឡាករដល់ទៅ ៦ លានផោន បើទោះបីជាក្លិបបានចំណាយប្រាក់ជាង ២០០ លាននៅទីផ្សារដោះដូររដូវក្ដៅដើម្បីនាំយកសមាសភាពកីឡាករថ្មីក៏ដោយ ។
តួរលេងដដែលបានឲ្យដឹងថាក្លិបចំណេញច្រើនក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនៅពេលកីឡាករដែលមានប្រាក់ខែជាច្រើនដូចជា Varane ដែលទទួលបាន ៣៤ ម៉ឺនផោន, Martial ដែលទទួលបាន ២៥ ម៉ឺនផោន, McTominay ដែលទទលបាន ៦ ម៉ឺនផោន, Bissaka ទទួលបាន ៩ ម៉ឺនផោន និង Van de Beek ដែលទទួលបាន ១២ ម៉ឺនផោនក្នុងមួយសប្ដាហ៍ សុទ្ធសឹងតែបានចាកចេញពីក្លិបដូចៗគ្នាដែលនេះនៅមិនទាន់រាប់បញ្ជុកីឡាករខ្ចីជើងដ៏ទៃទៀតដូចជា Sancho & Rashford នៅឡើយ ។
គួររំលឹកថា INEOS បានធ្វើការកាត់បន្ថយបុគ្គលិកជាង ២៥០ នាក់ក្នុងខែកក្កដា ដើម្បីសន្សំប្រាក់ប្រហែល ១០ លានផោនក្នុងមួយឆ្នាំ ហើយក្រោមការដឹកនាំរបស់លោក Ratcliffe ក្លិបក៏បានដកចោលអាហារថ្ងៃត្រង់ដែលធ្លាប់តែផ្ដល់ដោយឥតគិតថ្លៃសម្រាប់បុគ្គលិកនៅ Carrington ចេញផងដែរកាលពីដើមឆ្នាំកន្លងទៅ ៕