×

Kylian Mbappé ឈ្នះក្តីទល់នឹង Paris Saint-Germain; ក្លឹបត្រូវបានបញ្ជាឱ្យបង់ប្រាក់ប្រហែល 61 លានអឺរ៉ូ

Kylian Mbappé បានឈ្នះក្ដីទល់នឹងអតីតក្លឹបរបស់គេ Paris Saint-Germain (PSG) បន្ទាប់ពីតុលាការការងារនៅទីក្រុងប៉ារីស បានសេចក្ដីសម្រចគាំទ្រ Mbappé ។ សេចក្តីសម្រេច ដែលចេញផ្សាយនៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2025 បានបញ្ជាឱ្យ PSG បង់ប្រាក់ប្រមាណ €55 លាន ជាប្រាក់ពលកម្ម និងប្រាក់រង្វាន់ដែលមិនទាន់បានបង់ រួមទាំងប្រាក់ឈ្នួលថ្ងៃឈប់សម្រាកកើនដល់ប្រមាណ €61 លាន។

តុលាការបានបដិសេធបណ្ដឹងតបរបស់ PSG ទាំងស្រុង។ ក្លឹបបានទាមទារសំណងប្រមាណ €440 លាន ដោយចោទប្រកាន់ថា Mbappé មានអាកប្បកិរិយាមិនស្មោះត្រង់ និងបានបង្កការខាតបង់ហិរញ្ញវត្ថុ បន្ទាប់ពីគេសម្រេចចិត្តមិនបន្តកុងត្រា និងចាកចេញទៅ Real Madrid ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ 2024។ ទោះបីជាយ៉ាងណា តុលាការបានបដិសេធយ៉ាងទំាងស្រុង ចំពោះអំណះអំណាងរបស់ PSG ហើយគាំទ្រចំពោះការទាមទាររបស់ Mbappé ដែលបានអះអាងថា ក្លឹបបានរំលោភកាតព្វកិច្ចតាមកិច្ចសន្យា ដោយមិនបង់ប្រាក់ឱ្យគេនៅខែចុងក្រោយនៃកិច្ចសន្យា។

ក្រុមមេធាវីរបស់ Mbappé បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ដោយបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការបានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តសិទ្ធិតាមកិច្ចសន្យា និងច្បាប់ការងារ ក្នុងវិស័យបាល់ទាត់អាជីព។ លើសពីនេះ តុលាការក៏បានបញ្ជាឱ្យ អនុវត្តសេចក្តីសម្រេចភ្លាមៗ មានន័យថា PSG ត្រូវបង់ប្រាក់ទាំងនេះ ទោះបីជាក្លឹបសម្រេចចិត្តប្តឹងឧទ្ធរណ៍ក៏ដោយ។

PSG បានទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែបានបង្ហាញថា អាចនឹងពិចារណាប្តឹងឧទ្ធរណ៍ ដោយនៅតែអះអាងថា ខ្លួនបានអនុវត្តដោយសុចរិតភាពក្នុងអំឡុងពេលមានជម្លោះនេះ។
ប្រភព៖ RMC Sport

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង