
Liverpool កំពុងតាមដានខ្សែប្រយុទ្ធស្លាបជនជាតិប្រេស៊ីល វ័យ១៧ឆ្នាំ Gabriel Mec របស់ក្លឹប Grêmio បន្ទាប់ពីគេបង្ហាញទម្រង់លេងដ៏អស្ចារ្យ និងបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅអឺរ៉ុប។ យោងតាមអ្នកកាសែតផ្នែកផ្ទេរកីឡាករ Nicolo Schira ក្លឹបហង្សក្រហម កំពុងពិនិត្យមើលកីឡាករវ័យក្មេងពោរពេញទៅដោយទេពកោសល្យ រូបនេះ ជាជម្រើសសម្រាប់អនាគតរបស់ក្លឹប។
Gabriel Mec ត្រូវបានគេប្រៀបធៀបស្ទីលលេង ទៅនឹង Vinícius Júnior របស់ Real Madrid ដោយសារតែល្បឿន ភាពបត់បែន និងសមត្ថភាពប្រយុទ្ធរបស់គេ។ គេអាចលេងបានល្អទាំងស្លាបឆ្វេង និងស្លាបស្តាំ ហើយបច្ចុប្បន្នកំពុងលេងតំណាងឱ្យ ក្រុមជម្រើសជាតិប្រេស៊ីលកម្រិតយុវជន។ Mec ក៏បានចូលរួមលេងនៅក្នុងព្រឹត្តិការប្រកួត U17 World Cup ថ្មីៗនេះផងដែរ។
ក្រៅពី Liverpool ក្លឹបដូចជា Shakhtar Donetsk ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍លើ Mec ផងដែរ ខណៈដែល Chelsea ក៏ត្រូវបានរាយការណ៍ថា បានតាមដានគេ តាំងតែពីរដូវកាលមុន។ នេះបញ្ជាក់ថា Gabriel Mec គឺជាតារាវ័យក្មេងមួយរូប ដែលកំពុងត្រូវបានគេមើលឃើញថា នឹងមានអនាគតភ្លឺស្វាងនៅបាល់ទាត់អន្តរជាតិ៕