
ក្រុមបិសាចក្រហម Manchester United ត្រូវបាន The Athletic រាយការណ៍ថាមានការមិនសប្បាយចិត្តនឹងក្រុមជម្រើសជាតិ ម៉ារ៉ុក ជាខ្លាំងដែលបដិសេធមិនឲ្យខ្សែការពារវ័យ ២៨ ឆ្នាំ Noussair Mazraoui នៅជួយក្រុមលេងតទល់នឹង Bournemouth កាលពីថ្ងៃចន្ទកន្លងទៅ ។
ប្រភពដដែលបានបន្តថា ថ្នាក់លើរបស់ United បានព្យាយាមទាក់ទងដើម្បីសុំការយកយល់ពីក្រុមជម្រើសជាតិម៉ារុក ក្រោយចចារត្រូវគ្នាជាមួយ កាមេរ៉ូន និង កូឌីវ័រ ដើម្បីរក្សា Bryan Mbeumo & Amad Dialo លើកលែងតែ Mazraoui ប៉ុណ្ណោះដែលត្រូវក្រុមជម្រើសជាតិពួកគេបដិសេធដោយសារតែយកហេតុផលថាត្រូវលេងប្រកួតដំបូងនៅ Africa Cup of Nation ទល់នឹង កូម៉ូរ៉ុស នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ។
ទាក់ទងនឹងរឿងរ៉ាវខាងលើ United ក៏កាន់តែមិនសប្បាយចិត្តទៅទៀតដោយសារតែ Premier League បានដឹងហើយថាក្លិបត្រូវបញ្ជូនកីឡាករទៅចូលរួមនៅ AFCON ត្រឹមថ្ងៃអាទិត្យសប្ដាហ៍មុន ប៉ុន្តែនៅតែចេញកាលវិភាគឲ្យក្លិបលេងនៅក្នុងថ្ងៃចន្ទទៅវិញ ៕