
យោងតាមសារព័ត៌មានបារាំង L’Équipe ក្លឹប Manchester United កំពុងតាមដានយ៉ាងដិតដល់លើខ្សែការពារ El Chadaille Bitshiabu របស់ក្លឹប RB Leipzig ហើយក្លឹបក៏កំពុងពិចារណាផ្ទេររូបគេនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ខ្សែការពារកណ្ដាលវ័យ 20ឆ្នាំរូបនេះ មិនទាន់ទទួលបានឱកាសលេងជាប់លាប់ជាមួយ Leipzig នៅឡើយទេ នៅរដូវកាលនេះ។ ក្រុមបិសាចក្រហម មើលឃើញគេជាជម្រើសមួយសម្រាប់ពង្រឹងតំបន់ការពារ ខណៈក្លឹបកំពុងជួបបញ្ហានៅតំបន់នេះ។
ទោះយ៉ាងណាក៏ដោយ Manchester United កំពុងប្រឈមមុខនឹង ការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការហត្ថលេខា Bitshiabu ពីក្លឹបផ្សេងទៀតដូចជា Bayer Leverkusen, AS Monaco និង Olympique Lyonnais ដែលកំពុងតាមដានស្ថានភាពរបស់ខ្សែការពារបារាំងរូបនេះផងដែរ ហើយក្លឹបខ្លះ ត្រូវបានរាយការណ៍ថា កំពុងពិចារណាកិច្ចព្រមព្រៀងខ្ចីជើង ដូចគ្នានឹងគំនិតរបស់ Man United ដែលចង់ខ្ចីជើងសិន ជាមួយជម្រើសទិញផ្តាច់នៅពេលក្រោយ។
Bitshiabu ចង់ចាកចេញនៅខែមករានេះ ដើម្បីមានឱកាសលេងច្រើនជាងមុន ខណៈ RB Leipzig ក៏បើកចំហចំពោះការអនុញ្ញាតឲ្យគេចាកចេញ ប៉ុន្តែត្រឹមជាលក្ខខណ្ឌជាខ្ចីជើង រហូតដល់ចប់រដូវកាលប៉ុណ្ណោះ ទោះបីជាក្លឹបខ្លះចង់បានរូបគេជាអចិន្ត្រៃយ៍ក៏ដោយ៕
