×

គ្រូបង្វឹក AC Milan លោក Allegri កាន់ភ្លើងគុបអូឡាំពិក ខណៈមានការរិះគន់ច្រើន

លោក Massimiliano Allegri ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់អ៊ីតាលី AC Milan បានចូលរួមជាមួយក្រុមអ្នកកាន់ភ្លើងគុបអូឡាំពិករដូវរងាកាលពីថ្ងៃពុធម្សិលមិញ ចំពេលមានជម្លោះជុំវិញការដកអតីតអត្តពលិកដែលបានជំរុញឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល ។

គួរជម្រាបថា ភ្លើងគុបកំពុងធ្វើដំណើរឆ្លងកាត់ខេត្តចំនួន 110 របស់ប្រទេសអ៊ីតាលី មុនពេលចាប់ផ្តើមការប្រកួតអូឡាំពិករដូវរងា Milano-Cortina ២០២៦ ដែលគ្រោងធ្វើនៅថ្ងៃទី 6 ដល់ថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះ ។

លោក Allegri បានដើរជាមួយអ្នកស្ម័គ្រចិត្តផ្សេងទៀតឆ្លងកាត់ទីក្រុង Borgomanero ប្រហែល 70 គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Milan ។ អ្នកកាន់ភ្លើងគុប 10,001 នាក់ត្រូវបានចល័តដើម្បីបន្តដឹកនាំភ្លើងគុបបន្តដំណើរទៅមុខដោយស្លៀកឯកសណ្ឋានពណ៌សជាមួយនឹងហាយឡាយពណ៌ក្រហមនិងលឿងជាតំណាងអណ្តាតភ្លើងអូឡាំពិក ។

ដោយឡែក អតីតជើងឯកជិះស្គីឆ្លងប្រទេស គឺកីឡាករ Silvio Fauner បានត្អូញត្អែរថា គាត់និងកីឡាករផ្សេងទៀតដែលឈ្នះមេដាយអូឡាំពិកជាច្រើន បែរជាត្រូវបានដកចេញពីកម្មវិធី ។

ឆ្លើយតបចំពោះការលើកឡើងនេះ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករ Fauner ត្រូវបានដកចេញពីកាតព្វកិច្ចកាន់ភ្លើងគុបដោយសារបម្រាមចំពោះអ្នកកាន់តួនាទីផ្នែកនយោបាយ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW676714012026RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង