×

Man City បានបញ្ចប់ការចុះហត្ថលេខាខ្សែការពារពី Crystal Palace ក្នុងតម្លៃ 20លានផោន

Manchester City បានបញ្ចប់ការចុះហត្ថលេខាខ្សែការពារកណ្ដាលជម្រើសជាតិអង់គ្លេស Marc Guéhi ពី Crystal Palace ក្នុងតម្លៃផ្ទេរប្រមាណ 20លានផោន។ ខ្សែការពារវ័យ 25ឆ្នាំ រូបនេះ បានចុះកុងត្រា ជាមួយក្លឹបមេឃខៀវរយៈពេល ៥ឆ្នាំកន្លះ ដែលនឹងមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2031។

ការផ្ទេរនេះ កើតឡើង​ ខណ: Manchester City កំពុងព្យាយាមពង្រឹងខ្សែការពារ ដោយសារតែបញ្ហារបួសធ្ងន់ធ្ងរនៅតំបន់នេះ។ បច្ចុប្បន្ន ខ្សែការពារសំខាន់ៗដូចជា Josko Gvardiol, Ruben Dias និង John Stones សុទ្ធតែរងរបួស។ Guéhi គឺជាកីឡាករថ្មីទីពីររបស់ City ក្នុងទីផ្សារផ្ទេរដោះដូរខែមករានេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធស្លាប Antoine Semenyo ពី Bournemouth (https://www.skysports.com/football/news/11095/13491956/antoine-semenyo-joins-man-city-bournemouth-forward-signs-in-lb64m-transfer-to-take-city-spending-over-lb425m-in-12-months) ។

Marc Guéhi ដែលធ្លាប់ជិតនឹងផ្ទេរទៅ Liverpool កាលពីរដូវក្តៅមុន មានសល់កិច្ចសន្យាជាមួយ Crystal Palace ត្រឹមតែ ៦ ខែប៉ុណ្ណោះ ហើយបានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅអឺរ៉ុប។

ក្រោយពីបានចូលរួមជាមួយ Manchester City Guéhi បាននិយាយថា៖
“ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាកីឡាករ Manchester City។ វាជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ។ ខ្ញុំរំភើបចិត្ត​ណាស់ ហើយខ្ញុំនឹងអភិវឌ្ឍខ្លួនបន្ថែមទៀត ជាមួយក្លឹបដែលល្អបំផុតនៅអង់គ្លេស”។

នាយកផ្នែកកីឡារបស់ Manchester City Hugo Viana បានសរសើរ Guéhi ថាជា “ខ្សែការពារល្អបំផុតម្នាក់នៅក្នុងបាល់ទាត់អង់គ្លេស” ហើយជាកីឡាករដែលកំពុងឈានដល់ចំណុចកំពូលនៃសមត្ថភាពរបស់គេ ដែលនឹងជួយពង្រឹងកម្លាំងក្រុមឱ្យកាន់តែរឹងមាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង