
Bayern Munich និងប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានចាប់ផ្តើមចរចាបន្តកុងត្រាថ្មី នេះបើយោងតាមរបាយការណ៍ពីប្រទេសអាល្លឺម៉ង់។ កុងត្រាបច្ចុប្បន្នរបស់ Kane នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027 ប៉ុន្តែ Bayern កំពុងចរចា ដើម្បីបន្តកុងត្រា ដែលអាចពង្រីករហូតដល់ឆ្នាំ2028 ឬ 2029 ។
នាយកផ្នែកកីឡា លោក Max Eberl បានបញ្ជាក់ កាលពីថ្ងៃចន្ទថា ការចរចាបានចាប់ផ្តើម ហើយ ដោយប្រាប់ទៅ Sky Germany ថា៖
“យើងកំពុងចរចា ជាមួយ Harry” ។ ខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យចាប់តាំងពីផ្ទេរពី Tottenham Hotspur ទៅ Bayern នៅរដូវក្តៅ ឆ្នាំ2023 ដោយស៊ុតបញ្ចូលទីបាន 119គ្រាប់ ក្នុងការបង្ហាញខ្លួន 126ប្រកួត។ គាត់ ក៏បានក្លាយជាកីឡាករ ដែលរួមចំណែករកគ្រាប់បាល់បាន 100គ្រាប់ លឿនជាងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ផងដែរ។
អគ្គនាយករបស់ Bayern លោក Jan-Christian Dreesen បាននិយាយថា Kane និងគ្រួសាររបស់គាត់ បានកំពុងរស់នៅទីក្រុង Munich ។ ដូច្នេះ “មិនមានហេតុផលអ្វីត្រូវប្រញាប់ប្រញាល់” ក្នុងការចរចាទេ ដោយភាគីទាំងពីរកំពុងចរចាក្នុងបរិយាកាសវិជ្ជមាន។
សូមបញ្ចាក់ថា Harry Kane នៅតែជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់សម័យកាលរបស់ក្រុមជម្រើសជាតិអង់គ្លេស ហើយត្រូវបានចាត់ទុកថាជាតួអង្គសំខាន់មួយរូបរបស់ Bayern ទាំងសម្រាប់ពានក្នុងស្រុក និងពានរង្វាន់អឺរ៉ុប៕
