
កីឡាការនី Kokomo Murase របស់ប្រទេសជប៉ុនបានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាជិះស្គីសម្រាលខ្លួនលើអាកាសផ្នែកស្ត្រីនៅឯកីឡាអូឡាំពិករដូវរងា Milano Cortina កាលពីថ្ងៃចន្ទម្សិលមិញបន្ទាប់ពីបញ្ចេញក្បាច់សម្រាលខ្លួនលើអាកាសដ៏គួរឱ្យចាប់អារម្មណ៍នៅទីលានភ្នំអាល់អ៊ីតាលី ។
កីឡាការិនីវ័យ ២១ ឆ្នាំរូបនេះបានប្រកួតប្រជែងជាមួយកីឡាការនី Zoi Sadowski-Synnott របស់ប្រទេសនូវែលសេឡង់ដែលឈ្នះមេដាយប្រាក់ពីរលើកជាប់គ្នា ។ ចំណែកកីឡាការនី Yu Seung-eun របស់កូរ៉េខាងត្បូងទទួលបានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនាពេលយប់នៅលើភ្នំដែលស្ថិតក្នុងទីក្រុង Alpine ។
Murase ដែលជាម្ចាស់មេដាយសំរឹទ្ធកាលពី 4 ឆ្នាំមុននៅទីក្រុងប៉េកាំង បានដាក់ដៃលើមុខរបស់នាង ហើយយំនៅពេលដែលនាងដឹងថានាងយកបានមេដាយមាស។ នាងគ្រវីដៃឡើង និងញញឹមនៅពេលនាងដឹងថាដណ្តើមបានតំណែងកំពូលនៅលើវេទិកាលំដាប់ពិភពលោកនេះ ។
ចំណែកឯម្ចាស់មេដាយមាសជិះស្គីសម្រាលខ្លួនលើអាកាសពីរសម័យកាលគឺកីឡាការនី Anna Gasser មកពីប្រទេសអូទ្រីសបែរជាភ្លាត់ស្នៀតហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ។
ងាកមកការប្រកួតជិះស្គីរាំលើទឹកកកវិញ តារាទើបនឹងរះពីររូបគឺ Laurence Fournier Beaudry និង Guillaume Cizeron របស់ប្រទេសបារាំងបានបង្ហាញក្បាច់រាំស្គីយ៉ាងរស់រវើកគួរឱ្យទាក់ទាញបំផុតមួយ រហូតបានយកឈ្នះការប្រកួតជិះស្គីរាំអូឡាំពិកកម្មវិធី Milano Cortina ជាជ័យជម្នះក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំលើកទីប្រាំរបស់ពួកគេ ។
អ្នកទាំងពីរបានចាប់ដៃសហការគ្នាកាលពីខែមីនាកន្លងទៅ និងបានរក្សាភាពខ្លាំងក្នុងភាពជាដៃគូឡើងមកកាន់ដំណែងជាកំពូលអ្នកជិះស្គីរាំលើទឹកកកលំដាប់ពិភពលោក ដោយទទួលបាន 90.18 ពិន្ទុ ជាពិន្ទុល្អបំផុតមិនធ្លាប់មានសម្រាប់ពួកគេ ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW393209022026RP1%3A4