×

ខ្សែការពារ Bastoni របស់ក្លឹប Inter សុំទោសចំពោះការត្រេកអរនឹងកាតក្រហមរបស់កីឡាករ Kalulu

ខ្សែការពារ Alessandro Bastoni របស់ក្លឹប Inter កាលពីថ្ងៃអង្គារម្សិលមិញបានសុំទោសសម្រាប់ការដែលខ្លួនបានអបអរសាទរចំពោះកាតក្រហមរបស់កីឡាករ Pierre Kalulu អំឡុងពេលប្រកួត Serie A ដ៏ក្តៅគគុកជាមួយក្រុម Juventus កាលពីចុងសប្តាហ៍កន្លងទៅ ។

កីឡាករ Kalulu ត្រូវបានបណ្តេញចេញពីការប្រកួតនៅមុនតង់ទីពីរក្រោយពីទទួលកាតលឿងជាលើកទីពីរដោយសារសាងកំហុសទៅលើកីឡាករ Bastoni ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។

ក្នុងហេតុការណ៍នោះ កីឡាករ Bastoni បានដួលទៅនឹងដី ហើយភ្លាមៗនោះបានធ្វើកាយវិការទៅកាន់អាជ្ញាកណ្តាលឱ្យចេញកាតពិន័យដោយបង្ហាញថាកីឡាករ Kalulu បានទាញអាវរបស់គាត់ទើបបណ្តាលឱ្យគាត់ដួល បើទោះបីរូបភាពតាមទូរទស្សន៍បានបង្ហាញថាមានការប៉ះពាល់ត្រឹមកម្រិតតិចតួចក៏ដោយ ។

អ្នកចាត់តាំងអាជ្ញាកណ្តាល Serie A លោក Gianluca Rocchi បានសម្តែងការសោកស្តាយកាលពីពេលថ្មីៗនេះ ដោយហៅការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Federico La Penna ក្នុងការឱ្យកាតក្រហមទៅកីឡាករ Kalulu ថាជាទង្វើ “ខុសយ៉ាងច្បាស់ក្រឡែត” និងសោកស្ដាយដែលអាជ្ញាកណ្តាលជំនួយផ្នែករូបភាព VAR មិនអាចធ្វើអន្តរាគមន៍លើហេតុការណ៍កាតលឿងទីពីរនេះបាន ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុម Inter បានឈ្នះការប្រកួតដោយលទ្ធផល ៣ ទល់នឹង ២ ដោយគ្រាប់សម្រេចសេចក្តីឈ្នះនោះ គឺបានស៊ុតបញ្ចូលទីនៅនាទីចុងក្រោយទៅហើយ ហើយលទ្ធផលនេះរក្សាឱ្យក្រុម Inter នៅតែស្ថិតនៅលើកំពូលតារាងដែលមាន ៦១ ពិន្ទុ នាំមុខគេរហូតដល់៨ពិន្ទុ ខណៈក្រុម Juventus នៅលំដាប់លេខ៥ មាន ៤៦ ពិន្ទុ ហើយក្រុមទាំងពីបានឆ្លងកាត់ ២៥ ប្រកួតដូចគ្នា ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW631917022026RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង