×

កីឡាការិនី Kerr ជួយឱ្យអូស្ត្រាលីឈ្នះហ្វីលីពីនយ៉ាងលំបាកនៅការប្រកួតបើកឆាក Asian Cup

កីឡាការិនីបាល់ទាត់អូស្ត្រាលី Sam Kerr បានអបអរសាទរគ្រាប់បាល់ជូនជាតិលើកដំបូងសម្រាប់ការរង់ចាំអស់រយៈពេល ២៨ ខែកន្លងមក ខណៈក្រុមអូស្ត្រាលីបានចាប់ផ្តើមការប្រកួត Women’s Asian Cup ដែលធ្វើឡើងនៅលើទឹកដីខ្លួនឯង ហើយឈ្នះក្រុមហ្វីលីពីន ១-០ យ៉ាងលំបាកនៅកីឡដ្ឋាន Perth កាលពីថ្ងៃអាទិត្យម្សិលមិញ ។

ដោយខកខានការប្រកួតជិតពីរឆ្នាំព្រោះតែរបួសសរសៃជង្គង់ (ACL) ខ្សែប្រយុទ្ធ និងជាកាពីទែនក្រុម គឺកីឡាការិនី Kerr បានស៊ុតបញ្ចូលទីគ្រាប់ទី ៧០ របស់នាងឱ្យក្រុម “Matildas” ដែលនេះជាគ្រាប់បាល់ដំបូងចាប់តាំងពីការប្រកួតជម្រុះអូឡាំពិកជាមួយតៃវ៉ាន់នៅទីលានក្នុងទីក្រុងដដែលនេះ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។

គ្រាប់បាល់នៅនាទីទី ១៤ របស់ Kerr បានធ្វើឱ្យអ្នកគាំទ្រនៅលើទឹកដីផ្ទាល់រីករាយយ៉ាងខ្លាំង ក្នុងចំណោមអ្នកទស្សនាចំនួន ៤៤,៣៧៩ នាក់ ដែលជាចំនួនអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួត Women’s Asian Cup គាប់ជួនពេលដែលក្រុមបាល់ទាត់នារី Matildas បានខកខានឱកាសជាច្រើន និងមកជួបក្រុមហ្វីលីពីនឈរលេខរៀងទី ៤១ លំដាប់ពិភពលោក ហើយលេងក្នុងទម្រង់ការពារយ៉ាងរឹងមាំ ។

គួរម្លឹកថា ក្រុមបាល់ទាត់នារីអូស្ត្រាលីធ្លាប់យកឈ្នះហ្វីលីពីន ៨-០ ក្នុងការប្រកួតលើកមុនរបស់ពួកគេនៅវគ្គជម្រុះការប្រកួតអូឡាំពិក ឆ្នាំ ២០២៣ ប៉ុន្តែក្នុងការប្រកួតថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះអូស្ត្រាលីត្រូវបានក្រុមហ្វីលីពីនទប់បានយ៉ាងល្អ បើទោះបីក្រុមហ្វីលីពីនមិនអាចបង្កើតឱកាសស៊ុតបាល់បញ្ចូលទីក្រុមអូស្ត្រាលីបានសូម្បីមួយគ្រាប់ក៏ដោយ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW966701032026RP1%3A2

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង