×

លោក Igor Tudor ជឿថា Spur ច្បាស់ជាអាចគេចផុតពីការធ្លាក់ចេញពីក្របខណ្ឌ Premier League

គ្រូបង្វឹក Tottenham Hotspur លោក Igor Tudor នៅតែមានទំនុកចិត្តថា ក្រុមរបស់លោក អាចគេចផុតពីការធ្លាក់ចេញពីក្របខណ្ឌ Premier League បើទោះបីជាបានរងបរាជ័យ 3–1 ទល់នឹង Crystal Palace ក៏ដោយ។ លទ្ធផលនេះបានបន្ថែមសម្ពាធលើ Spurs ខណៈដែលក្រុមកំពុងជួបបញ្ហាក្នុងការរកស្ថិរភាពនៃទម្រង់លេងនៅរដូវកាលនេះ។ អ្នកគាំទ្រជាច្រើនក៏ចាប់ផ្តើមមានការព្រួយបារម្ភ ព្រោះក្លឹបកំពុងស្ថិតនៅកៀកបង្កើយនឹងតំបន់ធ្លាក់ចេញពីលីគ ពោលគឺចំណាត់ថ្នាក់លេខ ១៦។

បន្ទាប់ពីការប្រកួត Tudor បានទទួលស្គាល់ថា លទ្ធផលនេះពិតជាធ្វើឱ្យខកចិត្ត ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមនៅតែមានគុណភាព និងការតាំងចិត្តក្នុងការកែប្រែស្ថានភាពទៅជាល្អប្រសើរវិញ។ លោកបានបន្ថែមថា នៅសល់ការប្រកួតជាច្រើនទៀតមុនចប់រដូវកាល ដែលផ្តល់ឱកាសពិតប្រាកដសម្រាប់ Spurs ក្នុងការស្តារឡើងវិញ។ កីឡាករត្រូវតែរក្សាការផ្តោតអារម្មណ៍ និងបន្តខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីធ្វើឱ្យការលេងរបស់ពួកគេប្រសើរឡើង។

ការបរាជ័យរបស់ក្រុមមាន់ខ្នាយមាស ទល់នឹង Crystal Palace បានបង្ហាញពីចំណុចខ្សោយមួយចំនួន ជាពិសេសនៅតំបន់ការពារ ដែលមានកំហុសធ្ងន់ធ្ងរមួយចំនួនអនុញ្ញាតឱ្យក្រុម Crystal Palace យកឱកាសបាន និងឈ្នះការប្រកួត។ ទោះបីជាក្រុមបានបង្ហាញសមត្ថភាពវាយប្រយុទ្ធខ្លះៗក៏ដោយ Spurs មិនអាចគ្រប់គ្រងការប្រកួតបានល្អទាំងស្រុងនោះទេ។ លោក Tudor ក៏បានទទួលស្គាល់បញ្ហាទាំងនេះ និងបានសង្កត់ធ្ងន់ថា ត្រូវតែដោះស្រាយឱ្យបានលឿន ប្រសិនបើក្រុមចង់ឡើងចំណាត់ថ្នាក់ក្នុងតារាង។

សម្រាប់រឿងចំពោះមុខ អ្នកចាត់ការរបស់ Spur បានអំពាវនាវឱ្យកីឡាករ និងអ្នកគាំទ្ររួមគ្នា ដើម្បីឆ្លងកាត់រយៈពេលលំបាកនេះ។ លោកជឿជាក់ថា ជាមួយនឹងការគិតវិជ្ជមាន វិន័យល្អ និងការគាំទ្រពីអ្នកគាំទ្រ ក្រុមច្បាស់ជាអាចគេចផុតពីការធ្លាក់ចេញពីលីគ និងបញ្ចប់រដូវកាលបានល្អ។ ការប្រកួតខាងមុខ នឹងមានសារៈសំខាន់ខ្លាំង ក្នុងការកសាងទំនុកចិត្តឡើងវិញ និងរកពិន្ទុ ដែលចាំបាច់សម្រាប់ក្រុមនៅក្នុងក្របខណ្ឌ Premier League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង