×

កីឡាការិនីបាល់ទាត់ស្ត្រីអ៊ីរ៉ង់ ៥ នាក់ ទទួលបានទិដ្ឋាការមនុស្សធម៌នៅអូស្ត្រាលី

ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ១០ មីនាម្សិលមិញ បានយល់ព្រមផ្តល់ទិដ្ឋាការដល់កីឡាការិនីបាល់ទាត់ស្ត្រី ៥ នាក់របស់អ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យពួកគេបន្តស្នាក់នៅក្នុងប្រទេស បន្ទាប់ពីពួកគេបានស្នើសុំសិទ្ធិជ្រកកោន ដោយភ័យខ្លាចការធ្វើទុក្ខបុកម្និញនៅប្រទេសកំណើតរបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងអូស្ត្រាលី លោក Tony Burke បាននិយាយថា កីឡាការិនីទាំង ៥ នាក់ ត្រូវបាននាំទៅកាន់ទីតាំងសុវត្ថិភាពមួយ ដោយប៉ូលិសសហព័ន្ធអូស្ត្រាលី។

សារព័ត៌មានអ៊ីរ៉ង់បានបង្ហាញឈ្មោះកីឡាការិនីទាំងនោះមានឈ្មោះ Zahra Sarbali, Mona Hamoudi, Zahra Ghanbari, Fatemeh Pasandideh និង Atefeh Ramazani-Zadeh។

លោក Burke បានប្រាប់អ្នកសារព័ត៌មានថា កីឡាការិនីដែលនៅសល់កំពុងស្នាក់នៅសណ្ឋាគារមួយនៅទីក្រុង Gold Coast ហើយលោកក៏បានផ្តល់ឱកាសដល់សមាជិកក្រុមផ្សេងទៀតឱ្យអាចស្នាក់នៅក្នុងអូស្ត្រាលីផងដែរ។

ក្រុមបាល់ទាត់ស្ត្រីអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីចូលរួមការប្រកួតពានរង្វាន់ Asian Cup។

សហព័ន្ធសហជីពកីឡាករបាល់ទាត់ពិភពលោក FIFPRO បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ក្រុមកីឡាអ៊ីរ៉ង់ បន្ទាប់ពីពួកគេត្រូវបានគេហៅថា «ជនក្បត់ជាតិក្នុងពេលសង្គ្រាម» ដោយសារតែពួកគេបដិសេធមិនច្រៀងបទចំរៀងជាតិ មុនការប្រកួតមួយ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW248309032026RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង