×

MLS ពិន័យកីឡាករ២រូបមិនឱ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត ពីបទល្មើសល្បែងស៊ីសង

លីគកំពូលបាល់ទាត់អាមេរិក (Major League Soccer – MLS) បានសម្រេចពិន័យកីឡាករខ្សែបម្រើ Derrick Jones និងខ្សែបម្រើស្លាប Yaw Yeboah មិនឱ្យចូលរួមក្នុងវិស័យកីឡានេះអស់មួយជីវិត ពីបទល្មើសល្បែងស៊ីសង។

Yeboah វ័យ ២៨ ឆ្នាំ បានចុះកុងត្រាជាមួយក្លឹប Qingdao Hainiu ក្នុងលីគកំពូលចិនកាលពីខែមុន បន្ទាប់ពីកុងត្រារបស់គាត់ជាមួយក្លឹប Los Angeles FC ត្រូវបានបញ្ចប់កាលពីខែមករា។ ដោយឡែក Jones វ័យ ២៩ ឆ្នាំ ត្រូវបានក្លឹប Columbus Crew បញ្ចប់ពីកុងត្រារបស់គាត់កាលពីខែវិច្ឆិកាឆ្នាំមុន។

សេចក្តីថ្លែងការណ៍ពី MLS បាននិយាយថា កីឡាករទាំងពីរត្រូវបានរកឃើញថា “បានចូលរួមក្នុងការភ្នាល់លើបាល់ទាត់ រួមទាំងលើក្រុមរបស់ពួកគេផ្ទាល់” ក្នុងអំឡុងរដូវកាល ២០២៤ និង ២០២៥។

MLS បានកត់សម្គាល់ថា ក្នុងឱកាសមួយ កីឡាករទាំងពីរបានភ្នាល់លើ Jones នឹងទទួលបានកាតលឿង ដែលបន្ទាប់មកបានកើតឡើងមែន ក្នុងការប្រកួតរវាង Columbus Crew ជាមួយ New York Red Bulls នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤។ Jones និង Yeboah ធ្លាប់ជាមិត្តរួមក្រុមនៅ Columbus Crew ក្នុងរដូវកាល ២០២៤។

សេចក្តីថ្លែងការណ៍ពីលីគបានបន្ថែមថា “MLS ក៏បានកំណត់ថា កីឡាករទាំងពីរទំនងជាបានចែករំលែកព័ត៌មានសម្ងាត់ជាមួយអ្នកភ្នាល់ផ្សេងទៀតអំពីចេតនារបស់ពួកគេក្នុងការទទួលបានកាតលឿង”។
“មិនមានភស្តុតាងណាមួយត្រូវបានរកឃើញដែលបង្ហាញថា សកម្មភាពភ្នាល់ណាមួយទាំងនេះបានប៉ះពាល់ដល់លទ្ធផលនៃការប្រកួតនោះទេ”។

Yeboah ដែលជាកីឡាករជម្រើសជាតិហ្គាណា ធ្លាប់នៅ Manchester City ពីឆ្នាំ ២០១៤ ដល់ ២០១៨ ប៉ុន្តែមិនបានបង្ហាញខ្លួនក្នុងក្រុមឈុតធំទេ ហើយធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅ Lille, Twente និង Oviedo។ បន្ទាប់មក គាត់បានលេងឱ្យក្លឹបអេស្ប៉ាញ Numancia និងក្លឹបប៉ូឡូញ Wisła Krakow មុនពេលលេងឱ្យ Columbus Crew និង LAFC។

Jones ដែលកើតនៅហ្គាណា បានចំណាយអាជីពទាំងមូលរបស់គាត់នៅសហរដ្ឋអាមេរិក ដោយបានលេងឱ្យ Philadelphia Union, Nashville SC, Houston Dynamo, Charlotte FC និង Columbus Crew។ Jones ធ្លាប់ជាកីឡាករជម្រើសជាតិសហរដ្ឋអាមេរិកឈុត U-20 និង U-23៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង