
កីឡាការិនី Ronda Rousey កាលពីថ្ងៃអង្គារ៍ម្សិលមិញ បានប្រើព្រឹត្តិការណ៍ប្រកាសការត្រឡប់មកប្រកួតវិញដែលបានរង់ចាំយូរ ដើម្បីបង្ហាញថា នាងគឺជាកម្លាំងសំខាន់នៅពីក្រោយការសម្រេចចិត្តបោះបង់ចោលស្ថាប័ន Ultimate Fighting Championship (UFC)។
នៅលើបណ្តាញផ្សព្វផ្សាយ Netflix កីឡាការិនី Rousey បានប្រកាសថា នាងនឹងត្រឡប់មកប្រកួត MMA វិញនៅថ្ងៃទី 16 ខែឧសភា ដោយប្រកួតជាមួយនឹងកីឡាការិនី Gina Carano ។
នៅក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅមជ្ឈមណ្ឌល Intuit Dome ជាទីកន្លែងដែលការប្រកួតនឹងធ្វើឡើង កីឡាការិនីរូបនេះបានប្រាប់អ្នកសារព័ត៌មានថា នៅពេលកំពុងចរចាជាមួយស្ថាប័នប្រដាល់ UFC នាងបាននិយាយទៅកាន់កីឡាការិនី Carano ថា ពួកគេអាចធ្វើរឿងនេះដោយខ្លួនឯងបាន យើងមិនចាំបាច់ត្រូវការស្ថាប័នប្រដាល់(UFC) ទេ មិនចាំបាច់ត្រូវការអ្នកណាទៀតឡើយ ។
អ្នកឈ្នះមេដាយសំរឹទ្ធអូឡាំពិក ដែលបានបង្កើតប្រវត្តិសាស្ត្រជាស្ត្រីជនជាតិអាមេរិកដំបូងឈ្នះមេដាយអូឡាំពិកក្នុងកីឡាជូដូ នៅ Beijing Olympics ឆ្នាំ ២០០៨ បានបញ្ជាក់ថា នាងមានការខកចិត្តចំពោះស្ថាប័ន UFC និងបានរិះគន់ការគ្រប់គ្រងថ្មីរបស់ស្ថាប័នមួយនេះ ។
នាងបាននិយាយថា ភាគច្រើននៃការរិះគន់របស់នាងចំពោះ UFC ពេលនេះ គឺដោយសារតែលោក Dana White មិនមែនជាម្ចាស់ស្ថាប័ន UFC ទៀតទេ ហើយគាត់ក៏មិនមែនជាអ្នកសម្រេចចិត្តចម្បងទៀតដែរ ។ នាងថា វាជាកំហុសធំមួយរបស់ពួកគេដែលមិនអនុញ្ញាតឱ្យគាត់ដឹកនាំអ្វីៗតាមរបៀបដែលគាត់ធ្លាប់ធ្វើកន្លងមក ។
ការលើកឡើងរបស់នាងកើតឡើងបន្ទាប់ពីមានជម្លោះជាសាធារណៈក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ជាពិសេសបន្ទាប់ពីកីឡាករប្រដាល់ Jon Jones បានស្នើសុំចាកចេញពី UFC បន្ទាប់ពីគាត់ត្រូវបានដកចេញពីព្រឹត្តិការណ៍នៅ White House ដែលគ្រោងធ្វើនៅថ្ងៃទី 14 ខែមិថុនាខាងមុខដោយសារមានការមិនយល់ព្រមលើកិច្ចសន្យា ។
សហស្ថាបនិក MVP Jake Paul ដែលមានវត្តមាននៅទីនោះ និងកំពុងផ្សព្វផ្សាយការប្រកួតផងដែរ បាននិយាយដោយត្រង់ថា UFC កំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW278510032026RP1%3A7
