
ពានរង្វាន់ Finalissima ដែលត្រូវធ្វើការប្រកួតរវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងអាហ្សង់ទីន អាចនឹងត្រូវប្តូរទីកន្លែង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 27 មីនា នៅកីឡដ្ឋាន Lusail Stadium ក្នុងប្រទេសកាតា ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ដែលកើតឡើងពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
ភាពតានតឹងក្នុងតំបន់បានកើនឡើង បន្ទាប់ពីមានការវាយប្រហារឆ្លើយតបគ្នា ក្រោយការសម្លាប់មេដឹកនាំអ៊ីរ៉ង់ Ali Khamenei ក្នុងការវាយប្រហារអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កាតា ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ ដោយក្រសួងការពារជាតិបានបញ្ជាក់ថា ពួកគេបានទប់ស្កាត់មីស៊ីលបាល់ឡីស្ទិក និងដ្រូនជាច្រើន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍កីឡាធំៗ ដែលគ្រោងធ្វើឡើងក្នុងប្រទេសរបស់ខ្លួន។
ដោយសារហានិភ័យទាំងនេះ មន្ត្រីកំពុងពិចារណាប្តូរកន្លែងប្រកួតទៅ Santiago Bernabéu Stadium ដែលជាកីឡដ្ឋានរបស់ Real Madrid CF ខណ: ទីក្រុង Rome និង Lisbon ក៏ត្រូវបានលើកឡើងថា អាចធ្វើជាជម្រើសបម្រុងបានផងដែរ។
ប៉ុន្តែគំនិតនេះ ត្រូវបានប្រឆាំងពីមន្ត្រីបាល់ទាត់អាហ្សង់ទីន ដែលខ្លាចថាការលេងនៅអេស្ប៉ាញនឹងផ្តល់អត្ថប្រយោជន៍ដល់គូប្រកួតពោលគឺជម្រើសជាតិអេស្ប៉ាញ។ ពួកគេព្រួយបារម្ភថា ក្រុមរបស់ Lionel Messi នឹងត្រូវប្រឈមមុខនឹងបរិយាកាសដូចជាលេងក្រៅដី ខណៈដែល UEFA បញ្ជាក់ថា ពួកគេនឹងបន្តតាមដានស្ថានភាព មុនធ្វើសេចក្តីសម្រេចចុងក្រោយ៕
