
លោក Joan Laporta ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានក្លឹប Barcelona ជាថ្មីម្ដងទៀត បន្ទាប់ពីឈ្នះសំឡេងគាំទ្រច្រើនជាង 68 ភាគរយ នៃការបោះឆ្នោត។ ក្លឹបបានបញ្ជាក់នៅថ្ងៃអាទិត្យថា ជ័យជម្នះនេះមានន័យថា Laporta នឹងចាប់ផ្តើមអាណត្តិទី២ ជាប់ៗគ្នា និងជាអាណត្តិទី៣ របស់លោកក្នុងនាមប្រធានក្លឹបអ្នកមានបុណ្យ។
បុរសវ័យ ៦៣ឆ្នាំរូបនេះ បានចូលកាន់តំណែងប្រធានក្លឹបអាណត្តិទី១ កាលពីឆ្នាំ២០០៣ ដល់ ២០១០ អាណត្តិទី២ ពី២០២១ ដល់ ២០២៦ និងអាណត្តិទី៣ ដែលលោកទើបតែបោះឆ្នោតជាប់គឺពី២០២៦ ដល់២០៣១។ សូមបញ្ជាក់ថា តាមបទប្បញ្ញត្តិរបស់ក្លឹប គាត់បានលាលែងពីតំណែងកាលពីខែមុន ដើម្បីអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្លឹបជាថ្មីម្តងទៀត ដែលធ្វើឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។
Laporta បានពិពណ៌នាការបោះឆ្នោតនេះថា ជា «ការអបអរសាទរនៃលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់ពលរដ្ឋ» ហើយបានថ្លែងអំណរគុណដល់សមាជិកក្លឹបដែលបានផ្តល់ការគាំទ្រដល់ការដឹកនាំរបស់លោក។
លោកក៏បានលើកឡើងពីអាទិភាពសំខាន់ៗសម្រាប់អនាគតរួមមាន ការបញ្ចប់គម្រោងសាងសង់ឡើងវិញនៃកីឡដ្ឋាន Camp Nou និងការពង្រឹងក្រុម Barcelona ដើម្បីឲ្យក្រុមអាចប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតទាំងក្នុងប្រទេសអេស្ប៉ាញ និងនៅអឺរ៉ុប៕
