×

អបអរសាទរអ៊ីរ៉ាក់ ទីបំផុតបានទៅ World Cup ២០២៦

អ៊ីរ៉ាក់បានក្លាយជាក្រុមទី ៤៨ និងចុងក្រោយដែលបានទទួលកៅអី World Cup កាលពីថ្ងៃអង្គារ ដោយបានយកឈ្នះបូលីវី ២-១ ក្នុងវគ្គ Playoff អន្តរទ្វីប ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅជុំចុងក្រោយ ចាប់តាំងពីឆ្នាំ ១៩៨៦ នៅម៉ិកស៊ិកមក។

គ្រាប់បាល់ពីកីឡាករ Ali Al-Hamadi និងប្រធានក្រុម Aymen Hussein បានធានាជ័យជម្នះសម្រាប់អ៊ីរ៉ាក់ ដែលការត្រៀមខ្លួនរបស់ពួកគេត្រូវបានរំខានដោយជម្លោះបន្តបន្ទាប់នៅមជ្ឈិមបូព៌ា។

គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី Graham Arnold ដែលដំបូងឡើយបានស្វែងរកការពន្យារពេលការប្រកួតដោយសារភាពមិនស្ថិតស្ថេរក្នុងតំបន់ បានអបអរសាទរជ័យជម្នះដ៏លំបាកមួយ ខណៈដែលក្រុមរបស់គាត់បានយកឈ្នះលើភាពនឿយហត់ និងបញ្ហាធ្វើដំណើរ។

កីឡាករភាគច្រើនទើបតែទៅដល់ម៉ិកស៊ិក បន្ទាប់ពីការធ្វើដំណើរដ៏នឿយហត់រយៈពេលបីថ្ងៃពីទីក្រុង Baghdad រួមទាំងការឆ្លងកាត់ផ្លូវគោកចូលទៅកាន់ហ្ស៊កដានីផងដែរ។

ទោះបីជាមានភាពនឿយហត់ក៏ដោយ អ៊ីរ៉ាក់បានចាប់ផ្តើមដោយទំនុកចិត្ត ដោយនាំមុខត្រឹមតែ ៩នាទីប៉ុណ្ណោះ។ ខ្សែបម្រើ Amir Al-Ammari បានឈ្នះបាល់ជ្រុង ដែល Al-Hamadi បានតែតបញ្ចូលទីយ៉ាងល្អឥតខ្ចោះ។
បូលីវីបានតាមស្មើនៅចុងតង់ទីមួយតាមរយៈកីឡាករ Moises Paniagua ដែលធ្វើឱ្យការប្រកួតកាន់តែតានតឹង។

ប៉ុន្តែ៨នាទីចូលដល់តង់ទីពីរ កីឡាករបម្រុង Marko Lawk-Farji បានបញ្ជូនបាល់ឱ្យ Hussein ស៊ុតបញ្ចូលទីទៅជ្រុងខាងក្រោម ដែលធ្វើឱ្យពួកគេនាំមុខម្តងទៀត។
ការការពាររបស់អ៊ីរ៉ាក់បានរក្សាបានយ៉ាងរឹងមាំក្នុងអំឡុងពេល៩នាទីដ៏តានតឹងនៃម៉ោងបន្ថែម ដើម្បីធានាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេ។

អ៊ីរ៉ាក់នឹងចូលរួមក្នុងពូល I នៅ World Cup 2026 ដោយត្រូវប្រឈមមុខជាមួយក្រុមខ្លាំងបារាំង សេណេហ្គាល់ និងន័រវេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង