
បេសកជនកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើសុំ FIFA ឱ្យជំនួសអ៊ីរ៉ង់ដោយអ៊ីតាលី នៅក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Financial Times កាលពីថ្ងៃពុធ។
ផែនការនេះគឺជាកិច្ចប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងរវាងលោក Trump និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បន្ទាប់ពីអ្នកទាំងពីរមានជម្លោះគ្នា ចំពេលមានទំនាស់រវាងប្រធានាធិបតីអាមេរិកប្រឆាំងនឹងសម្តេចប៉ាប Leo XIV ជុំវិញសង្គ្រាមអ៊ីរ៉ង់ នេះបើយោងតាមការរាយការណ៍របស់ FT ដោយដកស្រង់សម្តីអ្នកដែលស្គាល់ពីបញ្ហានេះ។
លោក Paolo Zampolli បេសកជនពិសេសរបស់សហរដ្ឋអាមេរិកបានប្រាប់ FT ថា “ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានស្នើទៅលោក Trump និង (ប្រធាន FIFA លោក Gianni) Infantino ថាអ៊ីតាលីជំនួសអ៊ីរ៉ង់នៅ World Cup។ ខ្ញុំជាជនជាតិអ៊ីតាលី ហើយវាជាសុបិនមួយដែលចង់ឃើញក្រុម Azzurri នៅក្នុងការប្រកួតដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ ជាមួយនឹងពានរង្វាន់ ៤លើក ពួកគេមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីសមនឹងទទួលបានការដាក់បញ្ចូល”។
សេតវិមាន FIFA សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីធ្វើអត្ថាធិប្បាយនោះទេ។
អ៊ីតាលីបានរងការភ្ញាក់ផ្អើលកាលពីខែមីនា បន្ទាប់ពីក្រុមជម្រើសជាតិអ៊ីតាលី បានខកខាន World Cup ជាលើកទី៣ជាប់ៗគ្នា ក្រោយចាញ់ការស៊ុតបាល់ប៉េណាល់ទី ៤-១ ដោយក្រុម Bosnia and Herzegovina នៅក្នុងវគ្គជម្រុះជុំចុងក្រោយ។
អ៊ីរ៉ង់ ទទួលបានកៅអី World Cup ជាលើកទី៤ ជាប់ៗគ្នាកាលពីឆ្នាំមុន ប៉ុន្តែបន្ទាប់ពីការចាប់ផ្តើមសង្រ្គាម បានស្នើសុំឱ្យ FIFA រើទីតាំងប្រកួតរបស់ខ្លួន ពីសហរដ្ឋអាមេរិកទៅម៉ិកស៊ិក។
ប្រធាន FIFA លោក Gianni Infantino បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ជំរុំហ្វឹកហាត់របស់ក្រុមអ៊ីរ៉ង់នៅប្រទេសតួកគីកាលពីខែមុនថា ការប្រកួតទាំងអស់នឹងប្រព្រឹត្តទៅតាមកាលវិភាគ និងផ្តល់ជំនួយដល់ក្រុមក្នុងការត្រៀមរៀបចំសម្រាប់ការប្រកួត។
ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) លោក Mehdi Taj បានប្រាប់អ្នកសារព័ត៌មាននៅឯការជួបជុំគាំទ្ររដ្ឋាភិបាលក្នុងទីក្រុង Tehran កាលពីថ្ងៃពុធថា “យើងកំពុងរៀបចំ និងធ្វើការរៀបចំសម្រាប់ World Cup ប៉ុន្តែយើងគោរពតាមការសម្រេចចិត្តរបស់អាជ្ញាធរ”។
“សម្រាប់ពេលនេះ ការសម្រេចចិត្ត សម្រាប់ក្រុមជម្រើសជាតិត្រូវត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ World Cup”។
ការសម្រេចចិត្តថាតើប្រទេសណាមួយនឹងចូលមកជំនួស ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ដកក្រុមចេញ គឺស្ថិតនៅក្នុងដៃរបស់ FIFA ដែលក្រោមមាត្រា៦នៃបទប្បញ្ញត្តិ World Cup មានសិទ្ធិហៅប្រទេសណាមួយដែលខ្លួនជ្រើសរើសដើម្បីបំពេញកន្លែងទំនេរនោះ។
AFC ត្រូវបានគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងដើម្បីឱ្យក្រុមជំនួសបានមកពីអាស៊ី ដោយប្រទេសអារ៉ាប់រួម ដែលបានចាញ់វគ្គ Playoff ជម្រុះទល់នឹងអ៊ីរ៉ាក់កាលពីខែវិច្ឆិកាឆ្នាំមុន។
ទោះជាយ៉ាងណា អារ៉ាប់រួមមិនមានគុណវុឌ្ឍិបាល់ទាត់ដូចអ៊ីតាលីនោះទេ ដោយបានបង្ហាញខ្លួនតែមួយលើកគត់នៅក្នុង World Cup វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ១៩៩០ នៅពេលដែលពួកគេចាញ់ការប្រកួតទាំងបី។
World Cup ដែលក៏ត្រូវបានរៀបចំរួមគ្នាដោយ អាមេរិក ម៉ិកស៊ិក និងកាណាដា នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា ដោយអ៊ីរ៉ង់គ្រោងនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេទល់នឹងនូវែលសេឡង់នៅទីក្រុង Los Angeles ។
ប្រភព៖ Reuters
