ក្រុម Liverpool បានធានាកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ហើយ បន្ទាប់ពីយកឈ្នះក្រុម Atletico Madrid ក្នុងការប្រកួតជុំទី៤ពូល B។
ការប្រកួតនាទីលាន Anfield បានដំណើរការ ១៣នាទី ខ្សែប្រយុទ្ធ Diogo Jota បានតែតបញ្ចូលទីគ្រាប់បើកឆាករបស់ Liverpool ដោយមានការលើកឱ្យយ៉ាងល្អរបស់ Trent Alexander-Arnold។ នាទី២១ Trent Alexander-Arnold ដដែលក៏បានបញ្ចូនបាល់ឱ្យខ្សែប្រយុទ្ធ Sadio Mane ដើម្បីស៊ុតបញ្ចូលទីបង្កើនការនាំមុខគ្រាប់ទី២ឱ្យក្រុមលោក Jurgen Klopp។ រីឯក្រុម Atletico Madrid ដែលកំពុងពិបាកវាយលុកក្រុមម្ចាស់ផ្ទះនោះ កាន់តែជួបបញ្ហាថែមទៀតពេលកីឡាករ Felipe ត្រូវពិន័យកាតក្រហម ព្រោះបង្កកំហុសលើ Sadio Mane ក្នុងនាទី៣៦ ដែលធ្វើឱ្យពួកគេសល់គ្នាតែ១០នាក់ប៉ុណ្ណោះ។ យ៉ាងណា វគ្គទី១បានបញ្ចប់ដោយលទ្ធផល Liverpool ២ Atletico Madrid ០។
ចូលមកដល់វគ្គទី២ ការប្រកួតនៅតែមានភាពតានតឹងដដែល ហើយនៅនាទី៤៨ Diogo Jota បានរកគ្រាប់បាល់បន្តទៀតឱ្យក្រុមហង្សក្រហមទៅហើយ ប៉ុន្តែ VAR មិនឱ្យដោយថាជាបាល់ Offside ។ រីឯក្រុមលោក Diego Simeone បានរកគ្រាប់បាល់ពីសំណាញ់ទីគូប្រជែងទៅហើយ ដោយកីឡាករខ្សែប្រយុទ្ធ Luis Suarez ស៊ុតនៅនាទី៥៧ ប៉ុន្តែក៏ត្រូវបាន VAR មិនឱ្យគ្រាប់បាល់ដូចគ្នាដោយថាជាបាល់ Offside ។ ដូចនេះលទ្ធផល Liverpool ២ Atletico Madrid ០ បានរក្សាដល់ចប់ការប្រកួតតែម្តង។
១គូទៀតក្នុងពូល B នេះដែរគឺ AC Milan ស្មើគ្នានឹង FC Porto ១-១។
ក្រោយឆ្លងកាត់៤ប្រកួតកន្លងមក Liverpool ឈ្នះទាំងអស់ ដែលធ្វើឱ្យពួកគេមាន ១២ពិន្ទុពេញ ច្រើនជាងក្រុមលេខ២ FC Porto ដល់ទៅ៧ពិន្ទុ ច្រើនជាងក្រុមលេខ៣ Atletico Madrid ដល់ទៅ៨ពិន្ទុ និងច្រើនជាងក្រុមបាតតារាង AC Milan ដល់ទៅ១១ពិន្ទុ។ ដូចនេះ Liverpool មានកៅអីទៅជុំបន្តរួចជាស្រេច ទោះសល់ការប្រកួត២លើកទៀតក្តី៕