×

Southampton ស្នើសុំពេលបន្ថែមជុំវិញការចោទប្រកាន់ពីបទលួចស៊ើបការណ៍

Southampton បានស្នើសុំពេលវេលាបន្ថែមដើម្បីធ្វើការត្រួតពិនិត្យផ្ទៃក្នុង បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីបទលួចស៊ើបការណ៍លើគូប្រជែងក្នុងវគ្គ Play-off Championship គឺក្រុម Middlesbrough។

English Football League (EFL) បានចោទប្រកាន់ក្រុម Southamptonពីបទ “សង្កេត ឬព្យាយាមសង្កេតមើលវគ្គហ្វឹកហ្វឺនរបស់ក្លឹបផ្សេងទៀត ក្នុងរយៈពេល ៧២ ម៉ោងមុនការប្រកួតដែលបានកំណត់” និងមិនបានធ្វើសកម្មភាព “ដោយសុច្ចរិតភាពខ្ពស់បំផុត” ចំពោះក្លឹបផ្សេងទៀត។

Middlesbrough អះអាងថា សមាជិកម្នាក់នៃក្រុមគ្រូបង្វឹក Southampton ត្រូវបានគេរកឃើញថាកំពុងមើល និងថតវគ្គហ្វឹកហ្វឺននៅទីតាំង Rockliffe Park របស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ពីរថ្ងៃមុនពេលក្រុមទាំងពីរស្មើ ០-០ នៅកីឡដ្ឋាន Riverside ក្នុងការប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-off របស់ពួកគេ។

Southampton មិនបានព្យាយាមបដិសេធការចោទប្រកាន់នេះទេ។

គ្រូបង្វឹក លោក Tonda Eckert បានចាកចេញពីសន្និសីទសារព័ត៌មានក្រោយការប្រកួតកាលពីថ្ងៃសៅរ៍មុនគេ បន្ទាប់ពីត្រូវបានសួរច្រើនដង ហើយបដិសេធមិនឆ្លើយថា តើគាត់បានបញ្ជូនអ្នកវិភាគទម្រង់លេងទៅកន្លែងហ្វឹកហ្វឺនរបស់ Middlesbrough ដែរឬ ទេ។

ក្លឹបទាំងពីរនឹងជួបគ្នានៅកីឡដ្ឋាន St Mary’s ក្នុងជើងទីពីរនៅល្ងាចថ្ងៃអង្គារ ដោយក្រុមដែលឈ្នះនឹងត្រូវជួប Hull City ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley នៅថ្ងៃទី ២៣ ខែឧសភា។

លោក Phil Parsons នាយកប្រតិបត្តិ Southampton បាននិយាយថា “ក្លឹបកំពុងសហការយ៉ាងពេញទំហឹងជាមួយ EFL និងគណៈកម្មការវិន័យ ខណៈពេលដែលក៏កំពុងធ្វើការត្រួតពិនិត្យផ្ទៃក្នុងដើម្បីធានាថាការពិត និងបរិបទទាំងអស់ត្រូវបានយល់ច្បាស់លាស់”៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង