×

Liverpool នឹងចាប់ផ្តើមការចរចាជាផ្លូវការជាមួយលោក Iraola

Liverpool នឹងចាប់ផ្តើមការចរចាជាផ្លូវការជាមួយលោក Andoni Iraola នៅសប្តាហ៍នេះ ដើម្បីតែងតាំងលោកជាប្រធានគ្រូបង្វឹកថ្មី។

ក្រុមហង្សក្រហមបានបណ្តេញលោក Arne Slot ចេញពីតំណែងកាលពីថ្ងៃសៅរ៍កន្លងទៅ គឺត្រឹមតែមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ Premier League។ ក្លិបសង្ឃឹមថានឹងស្វែងរកអ្នកមកជំនួសតំណែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយក្នុងនោះលោក Iraola អតីតអ្នកចាត់ការក្រុម Bournemouth គឺជាបេក្ខជនឈានមុខគេ។

ទោះបីជា Liverpool បានពិចារណាលើបេក្ខជនផ្សេងទៀត ដូចជាលោក Sebastian Hoeness របស់ក្រុម Stuttgart និងលោក Pierre Sage របស់ក្រុម Lens ក៏ដោយ ប៉ុន្តែការរំពឹងទុកខ្ពស់គឺលោក Iraola នឹងត្រូវតែងតាំង។

គ្រូបង្វឹកវ័យ ៤៣ ឆ្នាំរូបនេះ បានដឹកនាំក្រុម Bournemouth (the Cherries) ឱ្យទទួលបានរដូវកាលដ៏ល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្លិប ដោយបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៦ គឺនៅពីក្រោយក្រុម Liverpool ត្រឹមតែមួយលេខ និង ៣ ពិន្ទុប៉ុណ្ណោះក្នុងតារាងពិន្ទុ ដែលជួយឱ្យពួកគេមានឱកាសឡើងទៅលេងពានរង្វាន់ Europa League នារដូវកាលក្រោយ។

លោក Iraola ដែលជាជនជាតិអេស្ប៉ាញបានប្រកាសកាលពីខែមេសាថា លោកនឹងចាកចេញពីក្លិបនារដូវក្ដៅនេះ ហើយលោកក៏មានព័ត៌មានផ្សារភ្ជាប់ជាមួយនឹងការទៅដឹកនាំក្រុម Crystal Palace, AC Milan និង Bayer Leverkusen ផងដែរ។

ការសម្រេចចិត្តបណ្តេញលោក Slot ចេញពីតំណែង គឺធ្វើឡើងដោយលោក Michael Edwards នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fenway Sports Group និងលោក Richard Hughes នាយកផ្នែកកីឡារបស់ Liverpool ដែលពួកគេជឿជាក់ថាក្លិបត្រូវការទម្រង់លេងបាល់ទាត់បែបវាយសម្រុក ខ្លាំងក្លា និងមានភាពបន្ទាន់ជាងមុន។ គួររំលឹកផងដែរថា លោក Iraola ត្រូវបានតែងតាំងនៅ Bournemouth កាលពីលោក Hughes នៅធ្វើជានាយកបច្ចេកទេសនៅទីនោះ ដែលជាតំណែងមួយដែលលោកបានចាកចេញក្នុងឆ្នាំ ២០២៤ ដើម្បីមកចូលរួមជាមួយក្រុមហង្សក្រហម។

ទោះបីជាបានបញ្ចប់រដូវកាល Premier League ដោយទទួលបានត្រឹមតែ ៦០ ពិន្ទុ ដែលជាចំនួនពិន្ទុទាបបំផុតរបស់ពួកគេចាប់តាំងពីរដូវកាល ២០១៥-១៦ និងដេញក្រោយក្រុមជើងឯក Arsenal រហូតដល់ ២៥ ពិន្ទុក៏ដោយ ក៏ Liverpool នៅតែអាចទទួលបានកៅអីទៅលេងពានរង្វាន់ Champions League នារដូវកាលក្រោយដដែល។

ក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Anfield មួយនេះ បានចំណាយប្រាក់អស់ ៤១៥ លានផោនកាលពីរដូវក្ដៅមុនទៅលើកីឡាករចំនួន ៦ រូប ដែលជាការចំណាយខ្ពស់បំផុតក្នុងទីផ្សារដោះដូរដងមួយដោយក្លិបរបស់ចក្រភពអង់គ្លេស ក្នុងគោលបំណងដើម្បីការពារតំណែងជើងឯករបស់ពួកគេ។

ពួកគេបានបំបែកកំណត់ត្រាផ្ទេររបស់ចក្រភពអង់គ្លេសក្នុងការទិញយក Alexander Isak ពីក្រុម Newcastle ក្នុងតម្លៃ ១២៥ លានផោន បន្ទាប់ពីពីមុនមកពួកគេបានទិញយកខ្សែបម្រើប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុម Bayer Leverkusen និងជម្រើសជាតិអាល្លឺម៉ង់ Florian Wirtz ក្នុងតម្លៃ ១១៦ លានផោន ដែលជាកំណត់ត្រារបស់ក្លិបនាពេលនោះ។

លោក Iraola អតីតខ្សែការពារស្តាំជម្រើសជាតិអេស្ប៉ាញ ដែលបានចំណាយពេលភាគច្រើននៃជីវិតជាកីឡាកររបស់លោកនៅក្លិប Athletic Bilbao បានចាប់ផ្តើមអាជីពជាអ្នកចាត់ការដំបូងនៅក្នុងប្រទេសគីប្រុស (Cyprus) ជាមួយក្រុម AEK Larnaca។ បន្ទាប់មក លោកបានបន្តដឹកនាំក្រុម Mirandes និង Rayo Vallecano នៅក្នុងប្រទេសកំណើតរបស់លោក មុនពេលមកចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ ២០២៣។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង