×

នាយកបច្ចេកទេសភ្នំពេញក្រោន ស៊ុ វណ្ណា បង្ហាញបច្ចុប្បន្នភាពនៃការផលិតធនធានឈុតថ្នាលយុវជន-យុវនារី

ភ្នំពេញ៖ តាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា លោក ស៊ុ វណ្ណា បានបញ្ជាក់ថា៖ «សម្រាប់ការងារបណ្តុះបណ្តាលយុវជនបាល់ទាត់ក្លិបភ្នំពេញក្រោន បច្ចុប្បន្ននេះត្រូវបានបែងចែកជាពីរ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩នេះ ដែលមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបានឡើយ។ តាមកម្មវិធីហ្វឹកហាត់នេះ គឺការហ្វឹកហាត់តាមប្រព័ន្ធ Zoom និងកម្មវិធីហ្វឹកហាត់កាយសម្បទា ដោយឲ្យពួកគាត់បញ្ជូនវីដេអូខ្លីៗ មកក្រុមការងាររបស់គ្រូបច្ចេកទេសវិញ ដូចជាលោក លី ហៀង, លោក កែវ សុខង៉ន និងខ្ញុំផ្ទាល់ និងក្រុមការងារបច្ចេកទេសមួយចំនួនទៀត ដើម្បីប្រជុំពិភាក្សាគ្នា ដើម្បីអភិវឌ្ឍបច្ចេកទេសលើថ្នាលយុវជនជាច្រើនឈុតនេះ»។

នាយកបច្ចេទេសរូបនេះបន្ថែមថា ក្រុមយុវជនបាល់ទាត់ជាច្រើនឈុតនេះ គឺមានកម្មវិធីហ្វឹកហាត់ផ្សេងពីគ្នា ដូចជាឈុតយុវជនអាយុក្រោម១៥ឆ្នាំ, ឈុតក្រោម១៨ឆ្នាំ, ឈុតក្រោម២១ឆ្នាំ និងក្រមឈុតធំនារី ដែលទាំង៤ឈុតនេះក្រៅពីការហ្វឹកហាត់ត្រៀម មិនទាន់មានការប្រកួតអ្វីឡើយ ដោយសារការប្រកួតនានាត្រូវបានផ្អាក ក្នុងបរិបទកូវីដ១៩។ សរុបឈុតយុវជន និងឈុតធំនារីមានចំនួន ១៥០នាក់។

មុនពេលមកកាន់តួនាទីជានាយកបច្ចេកទេស នៅឆ្នាំ២០២១នេះ លោក ស៊ុ វណ្ណា ធ្លាប់បានកាន់កាប់តំណែងជាគ្រូបង្គោលក្លិបភ្នំពេញក្រោន បានជិត២រដូវកាល គឺរដូវកាល ២០១៩-២០២០។ លោក ស៊ុ វណ្ណា ជាគ្រូបង្វឹកមានវិញ្ញាបនបត្រ AFC A-License ហើយបានបញ្ចប់ការសិក្សាជាគ្រូឧទ្ទេសកម្រិត FIFA។ លោកសង្ឃឹមថា តាមរយៈការខិតខំលើការងារអភិវឌ្ឍថ្នាលយុវជន ក្រោមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន នឹងជំរុញដល់ការបណ្តុះបណ្តាលពួកគេឱ្យទទួលបានលទ្ធផលល្អសម្រាប់ក្លិប និងក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត។

គួររំឭកថា លោក ស៊ុ វណ្ណា ជាអតីតគ្រូបង្វឹកនៅក្លិបបាល់ទាត់ស៊ីម៉ាក់ និងវេស្ទើន ហើយបានមកជួយដឹកនាំគ្រូបង្គោលនៅក្លិបភ្នំពេញក្រោនជិតពីររដូវកាលចុងក្រោយ។ កាលពីរដូវកាល២០២០ លោកបានដឹកនាំក្រុមភ្នំពេញក្រោនដណ្តើមបានលេខ៣ នៃក្របខណ្ឌលីគកំពូលកម្ពុជា និងចំណាត់ថ្នាក់លេខ៤ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

ប្រភពរូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន
ប្រភពអត្ថបទ៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង