យោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC) បានឱ្យដឹងថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយអស់ហើយក្រោយពីបញ្ចប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយកាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ រួមមានក្រុមការពារតំណែងជើងឯក វិសាខា, ក្រុម ជើងឯករងឆ្នាំចាស់ ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, អង្គរថាយហ្គឺរ, អាស៊ីអឺរ៉ុប និងអគ្គិសនីកម្ពុជា។
ចំពោះលទ្ធផលប្រកួតវគ្គ ១៦ក្រុមចុងក្រោយចំនួន ៤គូកាលពី ថ្ងៃ ទី០៩ – វិច្ឆិកា គឺមានក្រុមវិសាខា បានយកឈ្នះខេត្តបន្ទាយមានជ័យ ៨-០ ។ ក្រុមភ្នំពេញក្រោន យកឈ្នះខេត្ដត្បូងឃ្មុំ ៧-០។ ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមជើងឯកពានថ្នាក់ខេត្ត កោះកុងអេហ្វស៊ី ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ រីឯ ក្រុមណាហ្គាវើលដ៍ បានទម្លាក់ក្រុមនគរបាលជាតិ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១។
ដោយឡែកលទ្ធផល ៤គូផ្សេងទៀត កាលពីល្ងាចថ្ងៃពុធ រួមមានក្រុមនាគខៀវ បឹងកេត បានទម្លាក់ក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ៤-០។ ក្រុមអង្គរថាយហ្គឺរ បានសងសឹកខេត្តព្រៃវែងបានវិញ ក្នុងលទ្ធផល ២-០ ។ ក្រុម អគ្គិសនីកម្ពុជា បានយកឈ្នះក្រុមម្ចាស់ ផ្ទះកងយោធពល ខេម រ ភូមិន្ទ ដោយលទ្ធផល ៤-០ និងក្រុមអាស៊ីអឺរ៉ុប បាន ទម្លាក់ក្រុមម្ចាស់ផ្ទះគិរីវង់ ដោយលទ្ធផល ៣-២។
ចំពោះកម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយ មានដូចជា៖ ក្រុមវិសាខា ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ខណៈក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមបឹងកេត។ ក្រុមអង្គរថាយហ្គឺរ ជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអគ្គិសនីកម្ពុជា ជួបក្រុមភ្នំពេញក្រោន។ ការប្រកួតនេះ នឹងប្រើរូបមន្ដចាញ់ធ្លាក់ ដូចវគ្គ ១៦ក្រុមចុងក្រោយដែរ ដោយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈការប្រកួតគ្រោងធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ៕
រូបភាព៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
អត្ថបទ៖ គណៈកម្មការធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា