កីឡាការិនីវាយកូនបាល់ Peng Shuai បានជជែកគ្នាតាមរយៈវីដេអូជាមួយប្រធានគណកម្មាធិកាអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បានអះអាងថា រូបនាងកំពុងមានសុវត្ថិភាពនិងស្ថិតក្រោមការមើលថែយ៉ាងល្អ។ ការអះអាងពីសុវត្ថិភាពរបស់កីឡាការិនីវាយកូនបាល់រូបនេះ ធ្វើឡើងក្រោយពីមានព័ត៌មានថា រូបនាង ត្រូវបានគេបង្ខំឱ្យរួមភេទ។
នារីវ័យ៣៥ឆ្នាំ ដែលស្ថិតក្នុងការប្រកួតពានរង្វាន់សម្រាប់ជួយដល់កុមារ បានលេចមុខជាសាធារណៈវិញ បន្ទាប់ពីបាត់មុខរយៈពេល៣សប្តាហ៍។ អវត្តមានរបស់កីឡាការិនីប្រទេសចិនរូបនេះ កើតឡើងក្រោយពេលរូបនាង បានបង្ហោះសារថា នាងត្រូវបានបង្ខំឲ្យរួមភេទពីសំណាក់អតីតមន្ត្រីជាន់ខ្ពស់ចិនមួយរូប។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានជជែកជាមួយកីឡាការិនី Peng Shuai ពីបញ្ហាសុវត្ថិភាពនិងការស្នាក់នៅរបស់នាងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។ លោក Bach ក៏បានអរគុណដល់គណកម្មាធិកាអូឡាំពិកប្រទេសចិនដែលបានជួយមើលថែពីសុវត្តិភាពរបស់ Peng Shuai ផងដែរ។
បើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC អោយដឹងថា “នាងបានបកស្រាយថានាងពិតជាស្ថិតក្រោមសុវត្ថិភាពយ៉ាងល្អ នាងកំពុងស្ថិតនៅផ្ទះរបស់នាងផ្ទាល់នៅទីក្រុងប៉េកាំង ប៉ុន្តែយើងមិនបញ្ជាក់ថាជាទីកន្លែងណាឡើយ ព្រោះដើម្បីជាសុវត្ថិភាពនិងជាការគោរពសិទ្ធិឯកជនរបស់នាងនៅពេលនេះ។ នាងនៅតែបន្តការប្រកួតវាយកូនបាល់ដដែល ព្រោះនេះជាកីឡាមួយដែលនាងចូលចិត្តហើយស្រលាញ់បំផុត។”
គួរបញ្ជាក់ថា ករណីរបស់កីឡាការិនី Peng Shuai គឺជាលើកទីមួយហើយ ដែលការចោទប្រកាន់ ត្រូវបានធ្វើឡើងប្រឆាំងនឹងមេដឹកនាំនយោបាយជាន់ខ្ពស់ចិន។ Peng Shuai ត្រូវបានគេចាត់ទុកជាកីឡាការិនីវាយកូនបាល់ដ៏ឆ្នើមម្នាក់របស់ចិន។ នាងធ្លាប់ជាប់ចំណាត់ថា្នក់លេខ១ពិភពលោកកាលឆ្នាំ ២០១៤ ដែលជាកីឡាករចិនដំបូងគេទទួលបានចំណាត់ថ្នាក់កំពូល ក្រោយពីបានឈ្នះជើងឯក២ដងលើការវាយជាគូនៅក្នុងកម្មវិធី Wimbledon ឆ្នាំ២០១៣ និង French Open ឆ្នាំ២០១៤៕