×

ប្រធានក្លិបបាល់ទាត់ តារាមហាហង្ស បានថ្លែងថា “យើងត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកិត្តិយសជាតិ ក្នុងការប្រកួត AFF FUTSAL CUP”

ភ្នំពេញ៖ តាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា លោក អ៊ិន សុភិន ប្រធានក្លិបបាល់ទាត់ តារាមហាហង្ស (Mohahang All Star FC) គូសបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតផ្លូវការស្តីពីការប្រកួតប្រជែងជើងឯកបាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ាន «AFF Futsal Cup» ឬហៅថា «AFF Futsal Club Championship» នាខែកញ្ញា ឆ្នាំ២០២១» ក្លិបរបស់លោក បានត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាថានឹងខិតខំហ្វឹកហាត់ និងប្រឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមបាននូវកិត្តិយសជូនជាតិកម្ពុជារបស់យើង។

ប្រធានក្លិបរូបនេះ បានបង្ហាញឆន្ទៈដ៏មុះមុតយ៉ាងដូច្នេះថា «បើទោះបីជាការប្រកួតអន្តរជាតិលើកនេះទទួលបានលទ្ធផលបែបណាក៏ដោយ ក៏យើងប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឱ្យអស់ពីសមត្ថភាពដែរ ដើម្បីដណ្តើមបាននូវកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូជូនជាតិរបស់យើង។ អ្វីដែលសំខាន់បំផុត គឺក្លិបបាល់ទាត់តារាមហាហង្សចង់បានស្នាដៃជូនប្រទេសកម្ពុជាយើង ក៏ដូចជាការលើកមុខមាត់ប្រទេសជាតិយើងពីលើឆាកអន្តរជាតិ និយាយរួមគឺប្រឹងប្រែងឱ្យបានជាដាច់ខាត ដើម្បីដណ្តើមនូវលទ្ធផលដ៏គាប់ប្រសើរជូនជាតិ»។

លោក អ៊ិន សុភិន បន្ថែមទៀថា នេះជាឆ្នាំទី១ ដែលក្រុម តារាមហាហង្ស បានខិតខំយ៉ាងខ្លាំង ហើយទម្រំាក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ សម្រេចឆន្ទៈរបស់លោក ក៏ដូចជាគ្រូបង្វឹក និងកីឡាករ។

ជាមួយនឹងជ័យជម្នះថ្នាក់ជាតិនេះ ក្លិបតារាមហាហង្ស បានក្លាយជាបេក្ខភាពមួយតំណាងឱ្យប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលជាមួយបណ្តាក្លិបនានាក្នុងតំបន់អាស៊ាន។ ជាមួយនឹងការហ្វឹកហាត់ត្រៀមនេះ លោកកំពុងជំរុញលើកទឹកចិត្ត ឆន្ទៈយ៉ាងមុះមុតធ្វើយ៉ាងណាឱ្យកីឡាករគ្រប់រូបមានស្មារតីហ្វឹកហាត់ឱ្យបានខ្លាំងក្លា។

Mohahang All Star FC មានកីឡាករចំនួន១៤នាក់ និងប្រតិភូ គ្រូបង្វឹក៥នាក់ផ្សេងទៀត សរុប២១នាក់ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ AFF Futsal Club Championship រដូវកាល ២០២១នេះ។

យោងតាមការប្រកាសរបស់សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ មានក្រុមចូលរួមប្រជែងចំនួន៦ក្រុម ដែលគ្រោងនឹងដំណើរការប្រកួត នាថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅ Nakhonn Ratchashima ប្រទេសថៃ។

ក្លិបជើងឯកលីគបាល់ទាត់ក្នុងសាលនៃប្រទេសទាំង៦នេះ រួមមាន៖ Port FC (ថៃ), Sahako (វៀតណាម), SKN Kabumen FC (ឥណ្ឌូណេស៊ី), Selangor (ម៉ាឡេស៊ី), MIU (មីយ៉ាន់ម៉ា) និង Mahahang All Star FC របស់កម្ពុជា។

សូមរំឭកថា កាលពីរដូវកាលមុន ក្រុមជើងឯក ដែលចេញទៅប្រកួតតំណាងកម្ពុជា គឺក្រុមដោនថោនស្ពតក្លិប ដែលពេលនោះមានក្រុមចូលរួមសរុបចំនួន៧៕

ប្រភពរូបភាព៖ ក្លិបបាល់ទាត់តារាមហាហង្ស
ប្រភពអត្ថបទ៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង