ខ្សែបម្រើ Pedri ត្រូវបានប្រកាសថា បានក្លាយជាកីឡាករឈ្នះពាន Golden Boy ប្រចាំឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់សារពត៌មាន Marca ។
កីឡាករវ័យ១៨ឆ្នាំរបស់ Barcelona ទទួលបានពិន្ទុបោះឆ្នោតឈានមុខគេរហូតទៅដល់ ៣១៨ពិន្ទុឯណោះ ខណៈខ្សែបម្រើក្លឹប Dortmund កីឡាករ Jude Bellingham ដែលជាអ្នកបេក្ខជនមានសំឡេងបោះឆ្នោតឈានមុខបន្ទាប់មានត្រឹម១១៩ពិន្ទុប៉ុណ្ណោះ។ គំលាតពិន្ទុរវាងកីឡាករទាំងពីរមានរហូតដល់១៩៩ពិន្ទុឯណោះ ដែលជាការគម្លាតពិន្ទុច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រជ្រើសរើសអ្នកឈ្នះពានមួយនេះ។
ក្នុងឆ្នាំនេះ Pedri ត្រូវបានដឹងថា ជាកីឡាករលេងច្រើននាទីជាងគេទាំងនៅ Barcelona រួមទាំងជួយក្រុមជម្រើសជាតិអេស្ប៉ាញនៅ Euro 2020 និងព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូ។ ទោះយ៉ាងណា តាំងពីខែកញ្ញាមក Pedri មិនទាន់បង្ហាញខ្លួនលើទីលាននៅឡើយទេដោយសាររបួសភ្លៅ។ Pedri នឹងធ្វើដំណើរទៅកាន់ទីក្រុង Turin ប្រទេសអ៊ីតាលី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមកម្មវិធីលើកពានរង្វាន់។
សូមបញ្ជាក់ថា ពានរង្វាន់ Golden Boy គឺជាពានរង្វាន់ដែលត្រូវប្រគល់ឱ្យកីឡាករបាល់ទាត់វ័យក្មេងល្អជាងគេនៅអឺរ៉ុប ក្រោមអាយុ២១ឆ្នាំ ហើយវាទទួលបានការបោះឆ្នោតពីអ្នកសារព័ត៌មានកីឡានានា។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយខ្សែបម្រើ Rafael van der Vaart របស់ Ajax ជាអ្នកឈ្នះមុនគេ។ បន្តមកទើបកីឡាករឆ្នើមដទៃទៀតជាអ្នកឈ្នះជាបន្តបន្ទាប់ដែលមានដូចជា Wayne Rooney, Lionel Messi, Sergio Aguero, Raheem Sterling និង Kylian Mbappe ជាដើម។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕