![]()
ភ្នំពេញ៖ យោងតាមការជូនដំណឹងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា ទោះអាចទទួលបាន៣ពិន្ទុពីអាស៊ីអឺរ៉ុបយូណាយធីតក្នុងការប្រកួត លីគកំពូលកម្ពុជា នៅថ្ងៃពុធ ទី១៤ ខែកក្កដា លោក មាស ចាន់ណា មិនសូវសប្បាយចិត្តចំពោះការលេងរបស់កូនក្រុមឡើយ ដោយយល់ឃើញថា ពួកគេហាក់មិនសូវមានឆន្ទៈលេង។

ក្នុងការប្រកួតនៅ AEU Sports Park ណាហ្គាវើលដ៍បាននាំមុខ០ទល់នឹង៤លើក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីតគិតត្រឹមនាទី៣៨ តែការវាយបកបានសម្រេចជាបន្តបន្ទាប់ ធ្វើឲ្យក្រុមលោក មាស ចាន់ណា ឈ្នះដោយលទ្ធផលយ៉ាងតានតឹង គឺ៣ទល់នឹង៥។
លោក មាស ចាន់ណា ថ្លែងបែបនេះ៖ “ខ្ញុំមើលឃើញទៅ ក្រោយទាត់ចូលគេ២គ្រាប់ កីឡាករចាប់ផ្ដើមទម្លាក់ការលេង។ គេហៀបនឹងតាមស្មើវិញ ទៅជាយើងចាប់ផ្ដើមទម្លាក់ការលង។ ដល់ចូលវគ្កទី២ ចាប់ផ្ដើមខ្វះកម្លាំង ហើយឆន្ទៈក៏លែងមាន។”
![]()
៥គ្រាប់របស់ណាហ្គាវើលដ៍ធ្វើបានដោយខ្សែបម្រើជប៉ុន Fumiya Kogure ២គ្រាប់, នុប តុលា ១គ្រាប់ និង Marcio Marques ២គ្រាប់។ ចំណែក៣គ្រាប់របស់អាស៊ីអឺរ៉ុបយូណាយធីតរកបានដោយខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី ២គ្រាប់ និង Samuel Ajayi Gbenga មួយគ្រាប់។
នេះជាជ័យជម្នះលើកទី៤របស់ណាហ្គាវើលដ៍ពីការប្រកួត៧លើកមក ដោយ៣ប្រកួតទៀតស្មើ២ និងចាញ់១ មាន១៤ពិន្ទុ។ ចំណែកអាស៊ីអឺរ៉ុបយូណាយធីត ហាក់ធ្វើការធ្ងន់ ដោយត្រូវប្រកួតប៉ះក្រុមធំៗជាបន្តបន្ទាប់។ ជាក់ស្ដែង បន្ទាប់ពីឈ្នះអគ្គិសនីកម្ពុជាមក ពួកគេបានបន្តចាញ់បឹងកេត, វិសាខា ហើយក្រោយចាញ់ណាហ្គាវើល៍ ក្រុមលោក សុក វាសនា នឹងបន្តជួបក្រុមកំពូលតារាងអង្គរថាយហ្គឺរថែមទៀត៕
ប្រភពអត្ថបទ៖ CNCC